មន្ត្រីការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុក ៤នាក់ ប្រចាំនៅសាធារណរដ្ឋបារាំង រកឃើញវិជ្ជមានកូវីដ-១៩
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានជូនដំណឹងថា អ្នកការទូតកម្ពុជា ចំនួនពីរ (០២) នាក់ និង បុគ្គលិកក្នុងស្រុកចំនួនពីរ (០២) នាក់ នៃស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង បានធ្វើតេស្តសំណាកទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩។
ក្រោយពួកគាត់ទាំងបួន (០៤) នាក់ បានជួបពិគ្រោះយោបល់ជាមួយគ្រូពេទ្យបារាំងរួចមក ពេលនេះពួកគាត់កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន និងទទួលទានថ្នាំតាមវេជ្ជបញ្ជា។ ក្រៅពីនេះ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស ក៏កំពុងរង់ចាំលទ្ធផលរបស់បុគ្គលិកក្នុងស្រុកម្នាក់ទៀត នៅថ្ងៃនេះ (ថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០)។ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅទីក្រុងប៉ារីស៍ នឹងបន្តដំណើរការជាប្រក្រតីតាមប្រព័ន្ធពត៌មានវិទ្យា។
ស្ថានទូតនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរសុខាភិបាលបារាំង ដើម្បីតាមដានការវិវត្តនៃជំងឺរបស់អ្នកការទូតកម្ពុជា និងបុគ្គលិកក្នុងស្រុក ទាំងបួននាក់ខាងលើ ដោយយកចិត្តទុកដាក់បំផុត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។