ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃ បន្តតានតឹង ខណៈក្រុមបាតុករ នៅតែបន្តធ្វើបាតុកម្មប្រឆាំង
ក្រុមបាតុករថៃ បាននាំលិខិតសំណូមពរទៅថ្វាយព្រះមហាក្សត្រ ក៏ត្រូវ កម្លាំងសន្តិសុខរារាំង បង្កឲ្យមានការប៉ះទង្គិចគ្នា បង្ខំឲ្យប៉ូលិសប្រើរថយន្តទឹកបាញ់បំបែក ហ្វូងបាតុករ។
តាមសារព័ត៌មាន CNA នៅរសៀលទី០៩ ខែវិច្ឆិកា ឆ្នាំ២0២០ បានផ្សាយថា ក្រុមបាតុករថៃបានរត់ចែកជើងគ្នាកាលពីយប់ថ្ងៃអាទិត្យ បន្ទាប់ពីបានប្រឈមជាមួយប៉ូលិសបង្ក្រាបកុប្បកម្ម និងកងសន្តិសុខថៃ នៅពេលពួកគេបានព្យាយាមដើរហើរក្បួនទៅកាន់ព្រះបរមរាជវាំង។
ប៉ូលិសបានប្រើកាណុងបាញ់ទឹកទៅលើក្រុមតវ៉ារាប់ពាន់នាក់ ដែលបានដើរឆ្ពោះទៅកាន់ការិយាល័យរាជវាំង ដើម្បីដាក់លិខិតទាមទារឱ្យមាន កំណែទម្រង់របបរាជាធិបតេយ្យ។ ក្រុមបាតុករបាននាំគ្នាដើរដង្ហែរក្បួនទៅកាន់ព្រះបរមរាជវាំង ដើម្បីថ្វាយសារជូនដល់អង្គព្រះមហាក្សត្រថៃព្រះបាទ មហា វិជ្ជរ៉ាឡុងកន ក្នុងគោលបំណងទូលព្រះអង្គពីរបៀបដែលរាជាធិបតេយ្យ គួរតែសម្របទៅតាមប្រព័ន្ធរាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ។
បន្ទាប់ពីការប្រឈមមុខដាក់គ្នា កិច្ចចរចាបានធ្វើឡើងរវាងក្រុមអ្នកតវ៉ា និងប៉ូលិសជុំវិញការថ្វាយសារ។ ប៉ូលិសក៏បានសម្តែងការសុំទោស ចំពោះការប្រើប្រាស់កាណុងបាញ់ទឹក។ ក្រោមមកសារមួយច្បាប់ត្រូវបានអានលឺៗ មុនពេលក្រុមអ្នកតវ៉ាទម្លាក់ចូលទៅក្នុងប្រអប់មួយ នៅខាងក្រៅព្រះបរមរាជវាំង ដើម្បីរង់ចាំការបើកយកពីការិយាល័យព្រះបរមរាជវាំង។
អ្នករៀបចំបាតុកម្មនៅថៃមួយរូប កាលពីថ្ងៃសៅរ៍បាននិយាយថា «ប្រសិនបើព្រះមហាក្សត្រទ្រង់ស្រឡាញ់ប្រជានុរាស្ត្រទាំងអស់គ្នា ព្រះអង្គត្រូវតែទទួលលិខិតពីពួកយើង ដែលជាមនុស្សស្មើគ្នាទៅនឹងក្រុមអាវលឿង ដែលតែងតែស្រែកថា ព្រះមហាក្សត្រអាយុយឺនយូរ។ យើងជាពលរដ្ឋសាមញ្ញ ដែលហ៊ាននិយាយការពិតក្នុងចេតនាល្អ មិនជេរប្រមាថ មិនកុហក ឬនិយាយពាក្យផ្អែមល្ហែមចំពោះការសរសើរ ដែលមនុស្សមួយចំនួនបានធ្វើនោះទេ»។
គួររំលឹកថា កាលពីសប្តាហ៍មុនព្រះមហាក្សត្រថៃ ទ្រង់បានផ្តល់សេចក្តីអត្ថាធិប្បាយជុំវិញការតវ៉ា ដែលបន្តអូសបន្លាយអស់រយៈពេលជាច្រើនខែមកហើយនោះថា ព្រះអង្គគ្មានយោបល់អ្វីឡើយ ព្រះអង្គស្រឡាញ់ប្រជារាស្ត្រដូចៗគ្នា និងពាក្យមួយឃ្លាចុងក្រោយថា «ប្រទេសថៃគឺជាទឹកដីនៃការសម្របសម្រួល»។
យោងតាមស្នងការប៉ូលិសទីក្រុងបាងកកលោក ភីយ៉ា ថាវីឆៃ (Piya Tawichai) បានឱ្យដឹងថា ប៉ូលិសច្រើនជាង ៩,០០០នាក់ត្រូវបានដាក់ពង្រាយ កាលពីថ្ងៃអាទិត្យជុំវិញវិមានប្រជាធិបតេយ្យ ព្រះបរមរាជវាំង និងវិមានរដ្ឋាភិបាលមុនពេលបាតុកម្មចាប់ផ្តើមប្រមូលផ្តុំ។ ប៉ូលិលក៏បានព្រមានក្រុមអ្នកតវ៉ា មិនឱ្យរៀបចំការជួបជុំគ្នាជាសាធារណៈចម្ងាយ ១៥០ម៉ែត្រពីព្រះបរមរាជវាំង ឬកន្លែងគង់នៅរបស់គ្រួសាររាជវង្សឡើយ ហើយរាល់ការបំពានណាមួយ នឹងនាំឱ្យប្រឈមមុខផ្លូវច្បាប់ជាក់ជាមិនខាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។