៥យ៉ាងដែល ជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ
ការដែលញ៉ាំអាហាររាល់ថ្ងៃប្រហែលជាជួយឲ្យប្រព័ន្ធភាពស៊ាំកាន់តែខ្លាំងក្លាបាន។ បើសិនជាអ្នកកំពុងតែស្វែងរកមធ្យោបាយដើម្បីបង្ការជំងឺផ្តាសាយនោះ ជំហ៊ានដំបូងដែលអ្នកគួរធ្វើនោះគឺរកទិញអាហារណាដែលជួយបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ ដូច្នេះខ្ញុំសូមណែនាំអាហារ ៥ប្រភេទដែលអាចមានប្រយោជន៍ចំពោះរឿងនេះ។
ម្ទេសប្លោកពណ៌ក្រហម
ម្ទេសប្លោកមានវីតាមីន C ដែលល្អបំផុតក្នុងការបង្កើនមុខងារប្រព័ន្ធភាពស៊ាំ។ វាក៏សម្បូរទៅដោយសារធាតុ Beta-carotene ផងដែរ។ ក្រៅពីបង្កើនមុខងារប្រព័ន្ធភាពស៊ាំ វីតាមីន C ប្រហែលជាជួយថែរក្សាស្បែកឲ្យមានសុខភាពល្អ ខណៈពេលដែល Beta-carotene ជួយថែរក្សាភ្នែក។
ប្រូខូលី
ប្រូខូលីជាអាហារដ៏អស្ចារ្យមួយដែលសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ។ វាផ្ទុកទៅដោយវីតាមីន A, C និង E ព្រមទាំងអង់ទីអុកស៊ីដង់ផ្សេងៗទៀត និងជាតិសរសៃផងដែរ។ គន្លឹះដ៏សំខាន់ដើម្បីទាញប្រយោជន៍ពីបន្លែមួយនេះបានយ៉ាងល្អនោះគឺចម្អិនវាសិនមុននឹងញ៉ាំ។
ខ្ញី
ខ្ញីគឺជាគ្រឿងផ្សំធ្វើម្ហូបតែក៏អាចប្រើដើម្បីព្យាបាលជំងឺបានដែរ។ ខ្ញីជួយបន្ថយការរលាក ដែលអាចដោះស្រាយការឈឺបំបង់ករ និងបញ្ហារលាកផ្សេងៗទៀតបាន។ ខ្ញីក៏អាចបន្ថយការចង្អោបានដែរ។ តាមការសិក្សាស្រាវជ្រាវទៅលើសត្វបានឲ្យដឹងថា ខ្ញីប្រហែលជាជួយបន្ថយការឈឺចាប់រ៉ាំរ៉ៃ និងបញ្ចុះកូឡេស្តេរ៉ុលទៀតផង។
តែបៃតង
ទាំងតែបៃតង និងខ្មៅគឺផ្ទុកទៅដោយសារធាតុ flavonoids ដែលជាអង់ទីអុកស៊ីដង់ ប៉ុន្តែតែបៃតងមានសារធាតុ Epigallocatechin Gallate (EGCG) ជាអង់ទីអុកស៊ីដង់ដ៏ខ្លាំង សម្រាប់ជំរុញដល់មុខងារប្រព័ន្ធភាពស៊ាំមនុស្សយើង។
ល្ហុង
ល្ហុងគឺជាផ្លែឈើមួយប្រភេទដែលផ្ទុកទៅដោយវីតាមីន C ខ្ពស់ដែរ។ ក្រៅពីនេះវាក៏មានអង់ស៊ីមរំលាយអាហារ ដែលល្អសម្រាប់ផ្លូវរំលាយអាហារផង និងប្រឆាំងការរលាកផង។ ល្ហុងមានវីតាមីន B ប៉ូតាស្យូម និង Folate ដែលសុទ្ធសឹងតែមានប្រយោជន៍ចំពោះសុខភាពទូទៅ៕
ដកស្រង់ពិសេសពី៖www.health.com.kh
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។