លទ្ធផល​តេស្ត​លើក​ទី​២ មាន​អ្នក​ជាប់​ពាក់ព័ន្ធ ១,១៤០​នាក់ គឺ​អវិជ្ជមាន​កូ​វីដ​១៩ ខណៈ​មាន​វិជ្ជមាន ៣​នាក់​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បានចេញ​សេចក្តីប្រកាស​ផ្លូវការ ពី​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​១៩ នៅ​ប្រទេស​កម្ពុជា ដោយ​បញ្ជាក់​ពី​លទ្ធផល​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ចំនួន​១១៤០​នាក់ «​អវិជ្ជមាន​កូ​វីដ​១៩» ខណៈ​រកឃើញ​ភាព​វិជ្ជមាន​តែ​៣​នាក់​លើ​តំណាងរាស្ត្រ និង​មន្ត្រី​។​

​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន​៣​នាក់ គឺ​លោក សួស យ៉ា​រ៉ា​, លោក សរ ចិ​ត្រា និង​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា ដែល​កំពុង​សម្រាក​ព្យាបាល នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។​

​ក្រសួង បាន​បញ្ជាក់ថា នៅ​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា មាន​ចំនួន​សរុប​១១៦៦​នាក់ (​ទាំង​តេស្ត​លើក​ទី​១ និង​លើក​ទី​២) ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា មាន​ចំនួន​១១៤៣​នាក់​៖

* អ្នក​អវិជ្ជមាន​វីរុស​កូ​វីដ​១៩ មាន​ចំនួន​១១៤០​នាក់​។​
* នៅសល់​វត្ថុ​សំណាក់​ចំនួន​២៣​នាក់ ដែល​នឹងត្រូវ​វិភាគ​បន្ត​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា​នេះ​។​

​ក្រសួង​បន្តថា គិត​ទាំង​បុរស​អង្គរក្ស​ផ្ទាល់​គណៈប្រតិភូ​ហុង​គ្រី ដែល​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ចំនួន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា មាន​ចំនួន​៤​នាក់​។​

​ជាមួយគ្នានេះ ក្រសួងសុខាភិបាល បាន​ក្រើនរំលឹក​ដល់​អ្នក​ដែល​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​ទាំងអស់ ដែលមាន​លទ្ធផល​តេស្ត​លើក​ទី​១ និង​លើក​ទី​២ អវិជ្ជមាន​វីរុស​កូ​វីដ​១៩ ចាំបាច់​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ នៅតាម​ផ្ទះ​ឲ្យ​បាន​ត្រឹមត្រូវ និង​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​ភ្នំពេញ (​សម្រាប់​អ្នក​ដែល​ពុំមាន​លទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក នៅផ្ទះ​ខ្លួនឯង​) ទៅតាម​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ហ្មត់​ចង់​ជាទីបំផុត ហើយ​កុំ​ដើរ​ចេញទៅ​ក្រៅ​ផ្ទះ ឬ​ពី​សណ្ឋាគារ ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឲ្យ​សោះ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​ម្នាក់​ទៅ​ម្នាក់ និង​ចូល​សហគមន៍​។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន​៣០០​នាក់ (​ស្ត្រី​៦០​នាក់ និង​បុរស​២៤០​នាក់​) ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន​២៨៨​នាក់ និង​អ្នក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​១២​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close