ធ្លាក់ទូរកុងតឺន័រ សង្កត់លើរថយន្ត១គ្រឿងកំពុងបើកតាមផ្លូវ ស្លាប់ម្នាក់ នៅនឹងកន្លែង
ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោងជាង ៨យប់ ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តធំ១គ្រឿង បានធ្លាក់ទូរកុងតឺន័រ សង្កត់លើរថយន្ត១គ្រឿងទៀតខ្ទេច បណ្តាលឲ្យអ្នកនៅក្នុងរថយន្តនោះ ស្លាប់ភ្លាមៗ លើផ្លូវជាតិលេខ៤ នៅភូមិជើងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្ក ម៉ាកHINO ពណ៌ខៀវលាយលឿង ពាក់ផ្លាកលេខភ្នំពេញ ៣A-០៩៣៥ ទិសដៅពីខេត្តព្រះសីហនុទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើ រថយន្តបានធ្លាក់ទូកុងតឺន័រសង្កត់លើរថយន្ត ១គ្រឿងទៀត ម៉ាក TOYOTA CAMRY ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ២M-៦៨៦៥ ទិសដៅស្របគ្នា បណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។
អ្នកបើកបររថយន្តបង្ក ឈ្មោះ ជា សុខ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ សឹង ដារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះពិនិត្យ រួចបានឃាត់អ្នកបើកបររថយន្តដឹកកុងតឺន័រនោះ ដើម្បីដោះស្រាយបន្តតាមនិតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។