ក្រសួង​អប់រំ ចេញ​វិធានការ​៤​ចំណុច ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ នៅ​គ្រឹះស្ថានសិក្សា​តាម​បណ្ដា​ខេត្ត

​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បានចេញ​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅតាម​គ្រឹះស្ថានសិក្សា​ក្នុង​ខេត្ត ដែលមាន​ការពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​។

​ក្រសួង បញ្ជាក់ថា ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ ក្រោយ​ព្រឹត្តិការណ៍ ៣​វិច្ឆិកា ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ស្នើ​ដល់​ខេត្ត​ដែលមាន​ការពាក់ព័ន្ធ អនុវត្តតាម​អ្វីដែល​មានចែង​ក្នុង​លិខិត​។​

​ក្នុង​សេចក្ដីជូនដំណឹង​នោះ ក្រសួង​អប់រំ បាន​ណែនាំ ៤​ចំណុច ដូចខាងក្រោម​៖

*​ទី​១៖ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅកាន់​អាជ្ញាធរខេត្ត​អំពី​វត្តមាន នៃ​ការជួប​ប្រាស្រ័យ​ទាក់ទង​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល​របស់​បុគ្គលិក​អប់រំ ឬ​សិស្សានុសិស្ស ជាមួយ​បុគ្គល​ដែល​បាន​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍ ៣​វិច្ឆិកា​

*​ទី​២៖ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​បូកសរុប​របាយការណ៍​ស្ដីពី ចំពោះ​បុគ្គលិក​អប់រំ ឬ​សិស្សានុសិស្ស​ដែល​សង្ស័យថា​បាន​ចូលរួម​ប្រជុំ ឬ​ប្រាស្រ័យ​ទាក់ទង​

*​ទី​៣៖ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា​ត្រូវ​ស្នើសុំ​យោបល់​ពី​អាជ្ញាធរខេត្ត និង​វាយតម្លៃ​លើ​លទ្ធភាព​ផ្អាក​ការសិក្សា​១៤​ថ្ងៃ និង​ត្រូវ​រាយការណ៍​មក​ក្រសួង​

*​ទី​៤៖ បុគ្គលិក​អប់រំ​ដែលមាន​ការប៉ះពាល់​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ត្រូវ​រាយការណ៍​ជាបន្ទាន់​ទៅ​អាជ្ញាធរ​អប់រំ​តាម​លំដាប់ថ្នាក់ និង​អនុវត្ត​វិធាន​ច​ត្តា​ឡី​ស័​ឲ្យ​បាន​ត្រឹមត្រូវ​បំផុត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close