វ៉ាក់សាំង​កូ​វីដ​-១៩​ដំបូង អាច​នឹងដាក់​ឲ្យ​ប្រើប្រាស់​នៅ​ខែមីនា ឆ្នាំ​២០២១

​ពិភពលោក​ទទួលបាន​ដំណឹង​ដ៏​ល្អ ក្រោយពេល​អង្គការ​សុខ​ភាព​ពិភពលោក​ប្រកាសថា និង​ដាក់​ឲ្ប​ប្រើប្រាស់​ជា​ផ្លូវការ​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ ដ​បំ​បូ​ង ប្អ​ស់​នៅ​ខែមីនា​ឆ្នាំ​២០២១​។ អ្នក​ដែល​ងាយ​រងគ្រោះ​ជាងគេ នឹង​ទទួលបាន​វ៉ាក់សាំង​ប្រើប្រាស់​មុនគេ​។​

​មន្ត្រីជាន់ខ្ពស់​មួយរូប​នៃ WHO​លោក Bruce Aylward បាន​ថ្លែង​នៅក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ របស់​អង្គការ​សុខភាព​ពិភពលោក ពី​លទ្ធផល​បណ្តោះអាសន្ន ស្តីពី​ការធ្វើ​តេស្ត​សាកល្បង វ៉ាក់សាំង​ដំណាក់កាល​ចុងក្រោយ​របស់​ក្រុមហ៊ុន Pfizer បានបង្ហាញ​ពី «​ប្រសិទ្ធភាព​ដ៏​វិជ្ជមាន​» គួរឱ្យកត់សំគាល់​។​

​នៅក្នុង​វេទិកា​ខាងលើ ដែលមាន​រដ្ឋ​ជា​សមាជិក​ចំនួន ១៩៤ លោក Aylward បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​យើង​នៅមាន​ការងារ​ជាច្រើន​ទៀត ដែល​ចំ​បាច់​ត្រូវធ្វើ​… នេះ​គ្រាន់តែ​ជា​លទ្ធផល​បណ្តោះអាសន្ន​ប៉ុណ្ណោះ ប៉ុន្តែ​លទ្ធផល​ដ៏​វិជ្ជមាន​ផ្សេងទៀត នឹង​មកដល់​នៅថ្ងៃនេះ ដែល​អាចជួយ​ស្រោចស្រង់​ពិភពលោក​ទាំងមូល ដែល​កំពុង​ញំ​ញី​ដោយសារ​វិបត្តិ នៃ​ជំងឺ​រាតត្បាត​»​។ លោក Alyward បាន​បន្ថែមទៀតថា នៅត្រឹម​ខែមីនា ឆ្នាំក្រោយ (​ឆ្នាំ​២០២១) លទ្ធផល​នៃ​ការងារ​ដ៏​អស្ចារ្យ ដែល​កំពុង​កើតឡើង​នៅ​ទូទាំង​ពិភពលោក ពិតជា​អាច​ផ្លាស់ប្តូរ​ទិសដៅ នៃ​វិបត្តិ​ជំងឺ COVID-19 ទាំងស្រុង ។​

​ការលើកឡើង​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​ក្រុមហ៊ុន​អាមេរិក Pfizer ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​អាល្លឺម៉ង់​បាយ​អូ​អិន​ធិ​ច (BionTech) បានប្រកាស​ឱ្យដឹងថា វ៉ាក់សាំង COVID-19 ដែល​ក្រុមហ៊ុន​បាន​អភិវឌ្ឍ «​មាន​ប្រសិទ្ធភាព​ជាង ៩០​ភាគរយ​» ដោយ​បាននិងកំបុង​បង្កើន​ក្តីសង្ឃឹម​បន្ថែមទៀត ខណៈដែល​ករណី​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក​មាន​ច្រើនជាង ៥០​លាន​ករណី ក្នុងនោះ​មនុស្ស​ប្រហែលជា ១.២ លាន​នាក់​ទៅហើយ​បាន​ស្លាប់​។ អគ្គនាយក​អង្គការ​សុខភាព​ពិភពលោក ថេ​ដ្រូ​ស អា​ដាណ​ម (Tedros Adhanom Ghebreyesus) ក៏បាន​សម្តែង​ការស្វាគមន៍ ចំពោះ​ព័ត៌មាន​ដ៏​អស្ចារ្យ​មួយ​នេះ នៅលើ​គណនី​បណ្តាញ​សង្គម Twitter របស់លោក​ផងដែរ​។​

​បេក្ខភាព​វ៉ាក់សាំង​របស់​ក្រុមហ៊ុន Pfizer-BioNTech មិន​ស្ថិតនៅ​ក្នុងចំណោម​បេក្ខភាព​វ៉ាក់សាំង​ដំបូងៗ​ទាំង ៩ ដែលជា​ផ្នែក​មួយ​នៃ​កម្មវិធី COVAX គ្រប់គ្រង​ដោយ WHO នោះឡើយ​។ ក្រុមហ៊ុន​ក៏បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍ ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង​របស់ខ្លួន នៅក្នុង​កម្មវិធី​នេះ​ផងដែរ ខណៈដែល WHO កំពុង​ពិចារណា​ដាក់ចូល​បេក្ខភាព​វ៉ាក់សាំង​ដទៃទៀត នៅក្នុង​កម្មវិធី​របស់​ខ្លួន​។
​ទន្ទឹង​គ្នា​នេះដែរ ក្រុមហ៊ុន Pfizer និង BioNTech រំពឹងថា នឹង​ស្នើសុំ​ការអនុញ្ញាត​ពី​សហរដ្ឋអាមេរិក នៅក្នុង​ខែវិច្ឆិកា​នេះ​តែម្តង សម្រាប់​ការប្រើប្រាស់​វ៉ាក់សាំង​នេះ​ជាបន្ទាន់ និង​ពី​លទ្ធភាព​ទទួលបាន ការអនុញ្ញាត​តាមផ្លូវ​ច្បាប់ ឱ្យប្រើ​ប្រាស់​នៅត្រឹម​ខែធ្នូ​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close