ថ្ងៃនេះ​! ក្រសួងសុខាភិបាល រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី​ម្នាក់ ទើប​មកពី​សហរដ្ឋអាមេរិក​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ផ្លូវការ ស្តីពី​បច្ចុប្បន្នភាព​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា ដោយ​បញ្ជាក់ថា ក្រសួង​ទើប​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ថ្មី​ម្នាក់ ដែលជា​អ្នកដំណើរ​ទើប​ត្រឡប់​មកពី​សហរដ្ឋអាមេរិក​។​

​ក្រសួងសុខាភិបាល បាន​បញ្ជាក់ថា អ្នក​ឆ្លង​ថ្មី​នេះ គឺជា​ស្ត្រី​ជនជាតិ​អាមេរិក​កាំ​អាយុ ៣៥​ឆ្នាំ ស្នាក់នៅ​ណ្ឋា​គារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​ស​ហ​រដ្ឋ​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា​នៅ​ថ្ងៃទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០២០​។ លទ្ធផល​ធ្វើ តេ​ស្ក​វត្ថុ​សំណាក​លើក​ទី​២ នៅ​ថ្ងៃទី​៧​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​របស់​បុគ្គល​នេះ គឺ​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ដែល​ផ្តល់​ដោយ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ហើយ​បច្ចុប្បន្ន អ្នកជំងឺ​ត្រូវបាន​ដាក់ឱ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​

​សូម​កត់សម្គាល់ថា អ្នកដំណើរ​តាម​ជើងហោះហើរ​ខាងលើនេះ សរុប​មាន​ចំនួន ៦៦​នាក់ ដែល​បានធ្វើ តេស្ត​លើក​ទី​១ ពេលមកដល់​កម្ពុជា​នោះ គឺ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩​។ នៅ​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ លទ្ធផល ធ្វើតេស្ត​លើក​ទី​២​របស់​ពួកគាត់ គឺមាន​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ លើ​ស្ត្រី​ជនជាតិ​អាមេរិកកាំង​ម្នាក់​ខាងលើ​។ រីឯ​អ្នកដំណើរ​ចំនួន ៦៥​នាក់ ដែលមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ នៅពេល​ធ្វើតេស្ត​រក​ទី​១​នោះ ត្រូវបាន​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​សណ្ឋាគារ​ចំនួន​៥​កន្លែង នៅក្នុង​រាជធានី​ភ្នំពេញ (​ចំនួន​៤៧​នាក់​) នៅ​វិទ្យាល័យ​ពោ​ចិន​តុង​ចំនួន ១៦​នាក់ និង​នៅ​ស្ថានទូត​អាមេរិក​ចំនួន​០៣​នាក់​។ ដូច្នេះ អ្នកដំណើរ​ដែល​នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន ៣៧​នាក់ ដែលមាន​ហានិភ័យ​ក្នុងការ​ចម្លង​បន្ត​ពី​ស្ត្រី​ខាងលើនេះ តម្រូវ​ឱ្យនៅ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ បន្ថែមទៀត ដើម្បី​តាមដាន​សុខ​ភាពជា​បន្ត​។​

​ក្រសួងសុខាភិបាល​បានបញ្ជាក់​ទៀតថា នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា មាន​ចំនួន ៣៦៥ នាក់ ដែល​នៅក្នុង​ចំនួន​នេះ មាន​៣១៥​នាក់ រួមទាំង​វត្ថុ​សំណាក​ចំនួន ២៣​នាក់​ដែល​នៅសល់​ពីថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ទទួលបាន​លទ្ធផល អវិជ្ជមាន​វីរុស​វីដ​-១៩ និង​វត្ថុ​សំណាក​នៅសល់​ចំនួន​៥០​នាក់​ទៀត​នោះ ត្រូវធ្វើ​បន្តទៀត​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​គិត​ត្រឹម​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ការធ្វើ​តេស្ត​អ្នក​ប៉ះពាល់​ក្នុង​ព្រឹត្តិការណ៍​០៣ វិច្ឆិកា មាន​ចំនួន​សរុប ១៤៨១ វត្ថុ​សំណាក (​ទាំង​តេស្ត​លើក​ទី​១ និង​លើក​ទី​២) ដែល​ទទួលបាន​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ដែល​ក្នុង​ចំនួន​នេះ អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​០៤​នាក់ (​បាន​រាយការណ៍​ជូន​សាធារណជន​រួចហើយ​) ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ចំនួន​សរុប​វត្ថុ​សំណាក​នេះ មិនទាន់បាន​បូក​បញ្ចូល ចំនួន​៥០​វត្ថុ​សំណាក​ដែល​នៅសល់ ដែល​ត្រូវ​វិភាគ​នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយសារ​មិនទាន់មាន​លទ្ធ ផល​តេស្ត​នៅឡើយ​ទេ​។​

​ក្រសួងសុខាភិបាល សូម​ធ្វើការ​ក្រើនរំលឹក​ជូន​ដល់​អ្នក​ដែល​ប៉ះពាល់ ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា​ទាំងអស់ ដែលមាន​លទ្ធផល​តេស្ត​លើក​ទី​១ និង​លើក​ទី​២ អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចាំបាច់​ត្រូវ​បន្តធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​១៤​ថ្ងៃ​នៅតាម​ផ្ទះ ឱ្យបាន​ត្រឹមត្រូវ និង​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ (​សម្រាប់​អ្នក​ដែល​ពុំមាន​លទ្ធភាព ធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ​ខ្លួនឯង​) ទៅតាម​ការណែនាំ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​របស់​ក្រសួងសុខាភិបាល ឱ្យបាន​ហ្មត់ចត់​ជាទីបំផុត ហើយ​កុំ​ដើរចេញ​ក្រៅ​ផ្ទះ ឬ​ពី​សណ្ឋាគារ ក្នុងអំឡុង​ពេលធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឱ្យសោះ ដើម្បី​ទប់ស្កាត់​ការចម្លង​វីរុស​ដ៏​កាច​សាហាវ​នេះ ពី​ម្នាក់​ទៅ​ម្នាក់ និង​ចូលក្នុង​សហគមន៍​។​

​សូមជម្រាបថា គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​កម្ពុជា​អ្នកមាន​វីរុស​កូ​វីដ​-១៩ មាន​ចំនួន​សរុប ៣០១​នាក់ (​ស្រី ៦១​នាក់ និង​បុរស ២៤០​នាក់​) ក្នុងនោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំងប្រទេស មាន​ចំនួន ២៨៨​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ចំនួន​១៣​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close