គណបក្ស​ប្រជាធិបតេយ្យ​ប្រតិកម្ម​ការដកតំណែងរ​ដ្ឋ​មន្ត្រី​ការពារជាតិ Mark Esper

ប្រធានាធិបតី​អាមេរិក​ដូ​ណា​ល់ ត្រាំ នៅ​ព្រឹក​ថ្ងៃទី​១០​ខែវិច្ឆិកា បានប្រកាស​ដកតំណែង​រដ្ឋមន្ត្រី​ការពារជាតិ លោក​Mark Esper​។ សកម្មភាព​ខាងលើ​ទទួលរង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​គណបក្ស​ប្រជាធិបតេយ្យ ។​

​ប្រធានរដ្ឋសភា​អាមេរិក លោកស្រី Nancy Pelosi បាន​បញ្ជាក់ថា «​កម្ម​ភាព​ខាងលើ​របស់ លោក​ត្រាំ ដែល​ដកតំណែង​រដ្ឋមន្ត្រី​ការពារជាតិ ជា​ភស្តុតាង​បង្ហាញ​ឲ្យ​ឃើញថា លោក​ត្រាំ​កំពុងតែ​ប្រើពេល​វេលា ក្នុង​តំណែង​ចុងក្រោយ បង្ក​ឲ្យ​មាន​បញ្ហា ដល់​វិស័យ​ប្រជាធិបតេយ្យ​របស់​យើង និង​នៅលើ​ពិភពលោក​។​

​មកដល់ពេលនេះ​ហើយ​នៅតែមាន​មន្ត្រីជាន់ខ្ពស់​របស់​អាមេរិក​ត្រូវបាន​លោក​ត្រាំ​ដកតំណែង ហើយ​ពេលនេះ​គឺជា​រដ្ឋមន្ត្រី​ការពារជាតិ​លោក​Mark Esper ។ ​ជាមួយគ្នា​នោះ​លោក​ត្រាំ បានតែងតាំង​លោក Christopher C. Miller ប្រធាន​មជ្ឈមណ្ឌល​ប្រយុទ្ធប្រឆាំង​ភេរវកម្ម​អាមេរិក​ធ្វើជា​រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី​។​ ​នៅលើ​បណ្តាញ​សង្គម Twitter ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បានប្រកាសថា រដ្ឋមន្ត្រី​ការពារជាតិ​Mark Esper ត្រូវបាន​ដកហូត​តំណែង ហើយ​តែងតាំង​លោក Christopher C. Miller ធ្វើជា​រដ្ឋមន្ត្រី​ថ្មី​។​

​នៅលើ​បណ្តាញ​សង្គម ប្រធានាធិបតី​ត្រាំ​បាន​បញ្ជាក់ថា «​លោក​Mark Esper ត្រូវ​ដកហូត​តំណែង ហើយ​ខ្ញុំ​តែងតាំង​លោក​Christopher C. Miller ឡើង​ជំនួស​តំណែង​វិញ ។ លោក​ត្រាំ​ក៏បាន​អរគុណ​ដល់​លោក Esper ដែល​បាន​ខិតខំ​ធ្វើការ​នាពេល​កន្លងមក​។​ ​លោក Esper ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​នៅ​ខែកក្កដា​ឆ្នាំ​២០១៩ ។ លោក​ទើបតែ​វិល​ត្រឡប់មក​ប្រទេស​វិញ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ក្រោយ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌា​រួចមក ។​

​ការផ្លាស់ប្តូរ​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ​នៅពេលនេះ​បង្កក្តី​បារម្ភ​យ៉ាងខ្លាំង​ពី​សង្គ្រាម​វាយប្រហារ​អុ​ី​រ៉ង់ របស់លោក​ត្រាំ ដែលជា​គោលដៅ​ចុងក្រោយបង្អស់​មុនពេល​លោក​ចាក​ចេញពី​តំណែង​។ កន្លងមក លោក​ត្រាំ​ក៏បាន​ព្រមាន​ដល់​ប្រទេស​អុ​ី​រ៉ង់​ផងដែរ ៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close