រដ្ឋបាលខេត្ត កំពុង​ស្រាវជ្រាវ​រក​ជន​ឆបោក​ជា​ថ្នូរ នឹង​ការទទួលបាន​ការងារ​នៅ​ស្ថាន​កុងស៊ុល​ជប៉ុន​ប្រចាំខេត្ត​សៀមរាប​

​ខេត្តសៀមរាប​៖ រដ្ឋបាលខេត្ត បាន​ឲ្យ​ដឹងថា ដោយមាន​កិច្ចសហការ​ល្អ និង​ទំនាក់ទំនង​ជាមួយនឹង​ស្ថាន​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប រដ្ឋបាលខេត្ត បានទទួល​ព័ត៌មាន​ថា មាន​បុគ្គល​ម្នាក់ ដែល​អះអាងថា​ជា​តំណាង​ក្រុមហ៊ុន (​ដោយ​ពុំ​ស្គាល់​អត្តសញ្ញាណ​-​ច្បាស់​) បាន​ប្រាប់​បុរស​ម្នា​ក់ថា ដើម្បី​បាន​បម្រើ​ការងារ​នៅ​ស្ថាន​កុងស៊ុល​ជប៉ុន​ប្រចាំ​ខេត្តសៀមរាប ត្រូវ​ទៅ​ដាក់ពាក្យ​ចូល​បម្រើ​ការងារ​នៅ​ស្ថាន​កុងស៊ុល​នោះ ដោយ​បង់​កម្រៃជើងសា​ចំនួន ៥០០​ដុល្លារ សម្រាប់​ក្រុមហ៊ុន និង​១០០​ដុល្លារ សម្រាប់​ស្ថាន​កុងស៊ុល​ជប៉ុន​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថាន​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្សព្វផ្សាយ​តាម​គណនី​ហ្វេ​ក​ប៊ុ​ក​របស់ខ្លួន បដិសេធថា​ស្ថាន​ឯកអគ្គរាជទូត​-​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថាន​កុងស៊ុល​ប្រចាំ​ខេត្តសៀមរាប ពុំមាន​ផែនការ​ជ្រើសរើស​បុគ្គលិក តាមរយៈ​ក្រុមហ៊ុន ឬ​ទីភ្នាក់ងារ​ស្វែងរក​ការងារ​ណាមួយ​នោះឡើយ​។​

​ដោយ​ទទួលបាន​ព័ត៌មាន ពី​ស្ថាន​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្ថាន​កុងស៊ុល​ជប៉ុន​ប្រចាំខេត្ត​សៀមរាប រដ្ឋបាលខេត្ត​សូម​ជម្រាបជូន​ដល់​សាធារណជន សូម​មានការ​ប្រុងប្រយ័ត្ន អំពី​ការ​ឆបោក ពី​បុគ្គល​ទុច្ចរិត​ពាក់ព័ន្ធ​នឹង​ករណី​ដូច​បានបញ្ជាក់​ជូន​ខាង​លើ​។​

​ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏​សូម​អំពាវនាវ​ដល់​សាមីជន ដែល​ទទួលរង​គ្រោះ​ដោយ​អំពើ​-​ល្មើស​នេះ សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប ដើម្បី​ឈានទៅរក​ការស្រាវជ្រាវ ផ្តល់ព័ត៌មាន​បន្ថែម ក្នុងការ​ទប់ស្កាត់ បង្ការ និង​ចាត់វិធានការ​ចំពោះ​បុគ្គល​ទុច្ចរិត​នេះ​តាមផ្លូវ​ច្បាប់ និង​ធានាបាន​នូវ​ផល​-​ប្រយោជន៍​សាធារណជន​។ រាល់​ព័ត៌មាន​ទាំងនេះ សូម​សាមីជន​ដែល​ទទួលរង​គ្រោះ​ដោយ​អំពើ​ល្មើស​នេះ និង​សាធារណជន​ដែល​ធ្លាប់​បានទទួល​ព័ត៌មាន ឬ​ដឹង​ពី​អត្តសញ្ញាណ​ក្រុមហ៊ុន ឬ​ជន ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្មើស​នេះ សូម​ទំនាក់ទំនង​មក​រដ្ឋបាល​ខេត្តសៀមរាប ឬ​លេខ​ទូរស័ព្ទ ០១២ ៩០២ ២៩៩/០១២ ៥៩៨ ៦៧២៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close