សម្តេចតេជោ ប្រកាសថា មិនមានការបិទប្រទេស រាជធានី ខេត្ត ឬតំបន់ណាមួយនោះទេ

ភ្នំពេញ៖ ក្នុងសារផ្ញើជូនជនរួមជាតិលើបណ្តាញសង្គម Facebook នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ថ្មីៗនេះ មានមនុស្សអាក្រក់មួយចំនួនបានបំផុសពាក្យចចាមអារាមថា រាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ ។

ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលខ្ញុំសូមបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។ ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះ សំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ ។
សម្តេចតេជោមានប្រសាសន៍ទៀតថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជម្ងឺកូវីដ-១៩នៅពេលនេះគឺប្រជាជនគ្រប់រូបការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព ។ល។ សម្រាប់ការពាក់ម៉ាស់ដែលកាលពីម្សិលមិញនេះខ្ញុំបានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។
សូមបងប្អូនពាក់ម៉ាស់ទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឱយបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។សម្រាប់បងប្អូនដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះត្រូវបន្តធ្វើឱ្យបានហ្មត់ចត់នឹងសូមអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យនឹងជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួកគាត់មិនអាចចេញប្រកបរបររកស៊ីបានក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។