ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ នៅ​បន្ត​ប្រារព្ធ​ដដែល ដោយ​ពុំមាន​ការជួបជុំ​តាំង​បង្ហាញ​ផ្ទាល់​

ភ្នំពេញ​៖ ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​(NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សូម​ធ្វើការ​ជូនដំណឹង​ជម្រាបជូន​ដល់​ក្រសួង ស្ថាប័ន និយោជក អ្នកផ្តល់​កា​អប់រំ បណ្តុះបណ្តាល អ្នកស្វែងរក​ការងារ សិស្ស​-​និស្សិត និង​សាធារណជន​មេត្តា​ជ្រាបថា​«​ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០» ដែល​គ្រោង​រៀបចំ​តាម​អន​ឡាញ និង​ជួប​ផ្ទាល់ រយៈពេល ០២​ថ្ងៃ ចាប់​ថ្ងៃទី​១៤​ដល់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​ក្រសួង បាន​បញ្ជាក់ថា ពិព័រណ៍​ការងារ និង​ផលិតភាព​ជាតិ ឆ្នាំ​២០២០ នេះ ត្រូវបាន​កែសម្រួល ដូចខាងក្រោម​៖
– រក្សាទុក​ការ​ប្រារព្វ​កម្មវិធី​អន​ឡាញ​តាមរយៈ​គេហទំព័រ www.careerfair.nea.gov.kh តាម​កាលបរិច្ឆេទ​ខាងលើ​
– ពន្យា​ពេល​ការតាំង​បង្ហាញ និង​ជួប​ផ្ទាល់​របស់​និយោជក​នៅក្នុង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ទៅ​ពេលវេលា​សមស្រប​រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី​។​

​ការកែសម្រួល​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ចៀសវាង​ការជួប​ជុំគ្នា រក្សា​គម្លាត​សង្គម និង​ចូលរួម​បង្ការ​ទប់ស្កាត់​ករណី​រីក​រាលដាល​ថ្មី​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close