ទីតាំង​ខារ៉ាអូខេ រង្គសាល បៀរហ្គាឌិន និង​ឌី​ស្កូ​តេ​ក​ទាំងអស់ ត្រូវ​បិទទ្វារ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន នៅ​ក្រុង​សៀមរាប​

​ខេត្តសៀមរាប​៖ លោក ង៉ូ​វ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ក្នុងអំឡុងពេល​នៃ​ការចុះ​ឃ្លាំមើល​គ្រប់​បណ្តា​មណ្ឌល​កំសាន្ត​ជាង​៤០​កន្លែង​នៅ​ក្រុង​សៀមរាប កាលពី​យប់​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ដូចជា ៖ ទីតាំង​ខារ៉ាអូខេ រង្គសាល បៀរហ្គាឌិន និង ឌី​ស្កូ​តេ​ក ត្រូវបាន​បិទទ្វារ​ផ្អាក​អាជីវកម្ម​របស់ខ្លួន​ជា​បណ្តោះអាសន្ន​ទាំង​អស់ហើយ ដែល​សកម្មភាព​នេះ គឺជា​ការចូលរួម​រប​ស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ពាក់ព័ន្ធ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួមគ្នា​ទប់ស្កាត់​កូ​វីដ​-១៩ ក្នុង​សភាពការណ៍​ថ្មី ( ៣ វិច្ឆិកា ) ។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការផ្អាក​អាជីវកម្ម​ក្លឹប​កម្សាន្ត​នេះ គឺជា​ការគោរព​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​នៃ​ប្រមុខ​រាជរដ្ឋាភិបាល និង​យោងតាម​ការណែនាំ​របស់​ក្រសួងទេសចរណ៍ រួមទាំង​វិធានការ​ដ៏​ម៉ឺងម៉ាត់​របស់​ក្រសួងសុខាភិបាល ដែលជា​ចំណាត់ការ​ថ្មី ក្នុង​ព្រឹត្តិការណ៍​៣​វិច្ឆិកា ខណៈ​អាជ្ញាធរ​ខេត្តសៀមរាប បានធ្វើការ​ផ្សព្វផ្សាយ​និង​ដាក់​ឲ្យ​អនុវត្ត​ភ្លាមៗ នូវ​សេចក្តីជូនដំណឹង​របស់​ក្រសួង​ជំនាញ ក្រោម​ការចេញ​បទបញ្ជា​ដោយ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​បន្ថែមថា ក្នុង​កាលៈទេសៈ​នេះ គឺ​តម្រូវ​ឲ្យ​មានការ​ចូលរួម​ទាំងអស់​គ្នា ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​កូ​វីដ​-១៩ ដែល​រាជរដ្ឋាភិបាល​កំពុងមាន​ការព្រួយបារម្ភ ដូច្នេះ​អាជ្ញាធរខេត្ត​សៀមរាប​ស​ង្ឃឹ​ម​ថា ចាប់ពីពេលនេះ​ទៅ ពុំមាន​ក្លឹប​កម្សាន្ត​ណាមួយ បំពាន​បំរាម​បណ្តោះអាសន្ន​នេះឡើយ ហើយក៏​មាន​ជំនឿ​ដែរ​ថា ប្រតិបត្តិ​ករ ម្ចាស់​ក្លឹប​កម្សាន្ត​ទាំងអស់ ពិតជា​យល់ព្រម​នឹង​ការអនុវត្ត​ប្រកបដោយ​ភាពស្មោះត្រង់ មិន​ធ្វើ​ឲ្យ​មណ្ឌល​កម្សាន្ត​របស់ខ្លួន ក្លាយជា​មណ្ឌល​ចម្លង​កូ​វីដ​-១៩ បង្ក​ឲ្យ​មាន​ហា​នី​ភ័យ​ក្នុង​សហគមន៍​នោះឡើយ ៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close