អាជ្ញាធរថៃ រឹបអូសគ្រឿងញៀន៤៥៧បាវ តម្លៃជិត១ពាន់លានដុល្លារ

ថៃ៖ អាជ្ញាធរប្រទេសថៃ បានរឹបអូសថ្នាំញៀន គិតជាប្រាក់តម្លៃជិត ១ពាន់លានដុល្លារអាមេរិក ជាប្រភេទថ្នាំញៀនកេតាមីន ភាគច្រើននៃថ្នាំញៀនទាំងនេះមានគោលដៅនាំចេញទៅសហគមអឺរ៉ុប ជប៉ុនឬកូរ៉េ នេះបើតាមការិយាល័យប្រឆាំងគ្រឿងញៀនរបស់ថៃ បញ្ជាក់កាលពីថ្ងៃទី១២ វិច្ឆិកា ម្សិលមិញ។

លោក Montri Yimyaem ប្រធានការិយាល័យបាននិយាយថា ទំហំនៃការរឹបអូសដ៏ច្រើននេះមានទាក់ទងនឹងបណ្តាញប្រទេសជាច្រើន ហើយថា ថៃនឹងបន្តស៊ើបអង្កេត សហការជាមួយជាមួយបណ្តាប្រទេសផ្សេងៗ និងទីភ្នាក់ងារអន្តរជាតិនានា។ លោក Montri Yimyaem បញ្ជាក់ថា «ថ្នាំញៀនប្រភេទនេះមិនសូវពេញនិយមទេ ក្នុងប្រទេសថៃ ហើយភាគច្រើនគឺលក់នៅក្រៅប្រទេស រួមមានទាំងអឺរ៉ុប អូស្ត្រាលី កោះតៃវ៉ាន់ ជប៉ុន និងកូរ៉េ»។
ក្រុមស៊ើបអង្កេតបានរកឃើញថ្នាំញៀនទាំងនេះ ក្នុងបាវចំនួន៤៥៧ ដោយ១បាវៗ ទម្ងន់២៥គីឡូក្រាម តម្លៃប្រមាណ២៩ពាន់លានបាត ឬ ជិត១ពាន់លានបាត ពីក្នុងឃ្លាំងមួយក្នុងខេត្ត Chachoengsao ភាគខាងកើតក្រុងបាងកក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។