ស្លាប់២នាក់ និងរបួសច្រើននាក់ទៀត ដោយសាររថយន្តដឹកទឹកកក ព្រលះបុករថយន្តដឹកទំនិញកំពុងចតចោល

ខេត្តបាត់ដំបង៖ យ៉ាងហោចណាស់មនុស្សចំនួន ២នាក់ បានស្លាប់ភ្លាមៗ និង២នាក់ទៀត រងរបួសស្រាល នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត២គ្រឿង ដែលកើតឡើងកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្នុងភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។

សាក្សី បានរៀបរាប់ថា មុនពេលកើតហេតុគេឃើញរថយន្ត១គ្រឿង ម៉ាកហ៊ីយិនដាយ ពណ៍ខៀវ ពាក់ស្លាកលេខ កំពង់ចាម ៣A-០៩៨៧ ដឹកទំនិញមួយគ្រឿង បានខូចហើយឈប់ចតនៅអែបខាងស្តាំដៃ និងបានកាច់មេឃឈើដាក់ជាសញ្ញាផងដែរ លុះក្រោយមកក៏ស្រាប់តែមានរថយន្តដឹកទឹកកក១គ្រឿង ម៉ាកហ៊ីយិនដាយ ពណ៍ស ពាក់ស្លាកលេខ បាត់ដំបង ៣A -២៥៤២ បើកបរក្នុងល្បឿនយ៉ាងលឿន ទិសដៅស្របគ្នាពីកើតទៅលិច បានបុកពីក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសតែម្តង។
ជនរងគ្រោះឈ្មោះ សុខ សុភ័ណ្ឌ ភេទប្រុស អាយុ១៧ឆ្នាំ (ស្លាប់) និងឈ្មោះ អូន មី ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃរំដេង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ជាអ្នកបើកបររងរបួសស្រាល។ ដោយឡែកចំពោះភាគីខាងរថយន្តដឹកទឹកកកបើកបរដោយឈ្មោះ យឹម ហេង ភេទប្រុស អាយុ២៩ឆ្នាំ (ស្លាប់) និងម្នាក់ទៀត ឈ្មោះ ចាន់ ភេទប្រុស អាយុ២២ឆ្នាំ រងរបួសស្រាល។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងបានប្រគល់សាកសពជនរងគ្រោះទាំង ២នាក់ ទៅឲ្យសាច់ញាតិដើម្បីយករៀបចំធ្វើបុណ្យតាមប្រពៃណី៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។