ប្រជាជន​ហ្វីលីពីន ស្លាប់​កើន​ដល់​១១​នាក់​ហើយ ដោយសារព្យុះ​ទី​ហ្វុ​ង Vamco

​ហ្វីលីពីន​៖ សារព័ត៌មាន AFP ចេញផ្សាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ចំនួន​ប្រជាជន​ហ្វីលីពីន​ស្លាប់​ដោយសារ​ការវាយប្រហារ​របស់​ព្យុះ​ទី​ហ្វុ​ង Vamco បាន​កើន​ឡើងដល់​១១​នាក់​ហើយ​។ ក្រុម​សង្គ្រោះបន្ទាន់​បាន​ជម្លៀស​ពលរដ្ឋ​ដែល​កំពុង​ជាប់គាំង​នៅលើ​ដំបូលផ្ទះ នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ក្រោយ​ខ្យល់ព្យុះ​ដ៏​កំណាច​នេះ​បាន​បង្កឱ្យមាន​ទឹកជំនន់​នៅក្នុង​រដ្ឋធានី​ម៉ានីល និង​ខេត្ត​មួយចំនួនទៀត​នៅលើ​កោះ លូ​ហ្សូ​ន​។​

​ប្រភព​បានឱ្យដឹងថា ព្យុះ​ទី​ហ្វុ​ន Vamco ក៏បាន​ការផ្តាច់​ចរន្តអគ្គិសនី​ទ្រង់ទ្រាយ​ធំ នៅ​ផ្នែក​ជាច្រើន​នៃ​ទីក្រុង​ម៉ានីល និង​ខេត្ត​ជាច្រើន​ទៀតផង​ដែរ​។ បើតាម​ទីភ្នាក់ងារ​ឧតុនិយម​ហ្វីលីពីន កម្លាំង​ខ្យល់​បក់​នៃ​ព្យុះ​នេះ​មាន​ចន្លោះ​ពី​១៣០​ទៅ​២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​វា​កំពុង​រំកិល​ឆ្ពោះទៅកាន់​សមុទ្រ​ចិន​ខាងត្បូង​។​

​សូមជម្រាបថា Vamco គឺជា​ព្យុះ​ទី​ហ្វុ​នទី​៣​ហើយ ដែល​បាន​បោកបក់​មកលើ​ប្រទេស​ហ្វីលីពីន ចាប់តាំងពី​យប់​ថ្ងៃ​ពុធ​សប្តាហ៍​នេះ និង​នាំមក​នូវ​ខ្យល់​បោកបក់​យ៉ាង​សន្ធប់ លាយឡំ​និង​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​បង្កឱ្យមាន​កា​ររ​អិ​លបាក់​ដី និង​ទឹកជំនន់​ភ្លាមៗ​នៅតាម​តំបន់​ដែល​ធ្លា​ប់រង​ការវាយប្រហារ ដោយ​ព្យុះ​ទី​ហ្វុ​ង ហ្គោ​នី កាលពីដើម​ខែតុលា​កន្ល​ង​ទៅ​៕
​ 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close