សត្វដំរីអាស៊ី១ហ្វូង ត្រូវបានក្រុមអភិរក្សថតបាន ក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគីរី៖ សត្វដំរីអាស៊ី១ហ្វូង ដែលមានចំនួន ៦ក្បាល ត្រូវបានក្រុមអភិរក្សថតបាន នៅពេលពួកវាកំពុងតែស្វែងរកចំណីយ៉ាងសុខសាន្ត នៅក្នុងទីជម្រកធម្មជាតិ នៃដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ការពារ ស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថាននៃក្រសួងបរិស្ថាន។
តាមរយៈក្រសួងបរិស្ថាន បញ្ជាក់ថា ដោយសារភាពវៃឆ្លាត និងមានញាណដឹងតាមរយៈក្លិនថា មានវត្តមានមនុស្ស សត្វដំរីព្រៃទាំងនេះ បានផ្អើលហើយក៏បានត្រលប់ក្រោយចូលទីជម្រកសុវត្ថិភាពវិញ។
ក្រុមអ្នកស្រាវជ្រាវ និងតាមដានសត្វព្រៃរបស់យើង អាចផ្តិតយកនូវវីដេអូខ្លីមួយនេះបាន ដោយមានការព្យាយាម និងអត់ធ្មត់ខ្លាំងព្រោះត្រូវសម្ងំលើដើមឈើក្នុងការថតដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។
សូមជម្រាបថា សត្វដំរីអាស៊ី ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វកំពុងរងគ្រោះថ្នាក់ជិតផុតពូជ។ នៅកម្ពុជា សត្វដំរីអាស៊ី កំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការដាក់អន្ទាក់ ការជួញដូរភ្លុក និងស្បែក និងការបាត់បង់ទីជម្រក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។