ណា​សា ប្រើប្រាស់​យាន SpaceX ប​ញ្ចូ​ន​អវកាសយានិក​៤​រូប ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)

​សារព័ត៌មាន​Reuters នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ផ្សាយ​ថា ទីភ្នាក់ងារ​អវកាស​អាមេរិក NASA និង​ក្រុមហ៊ុន​អវកាស​ឯកជន SpaceX ទើបតែ​បាន​បញ្ជូន​អវកាសយានិក​ចំនួន ០៤​នាក់ ឡើងទៅ​កាន់​ស្ថានីយ​អវកាស​អន្តរជាតិ ISS​។ វា​គឺជា​បេសកកម្ម​ផ្លូវការ​លើកដំបូង​បំផុត​របស់ NASA ក្នុងការ​បញ្ជូន​អវកាសយានិក​ឡើងទៅ​កាន់​ទី​អវកាស ដោយ​ជិះ​យានអវកាស​របស់​ក្រុមហ៊ុន​ឯកជន​។​

​យានអវកាស Crew Dragon របស់​ក្រុមហ៊ុន SpaceX ដែល​ត្រូវ​ដាក់ឈ្មោះ​ឲ្យ​ថា រី​ស៊ី​លៀន​ស៍ (Resilience) បាន​ចាកចេញ​ជាមួយ​គ្រាប់​រ៉ុក្កែត Falcon 9 ពី​មជ្ឈមណ្ឌល​អវកាស Kennedy ក្នុង​រដ្ឋ​ផ្លូ​រី​ដា កាលពី​វេលា​ម៉ោង ៧៖២៧​នាទី​យប់​ថ្ងៃអាទិត្យ ទី​១៥ ខែវិច្ឆិកា (​ម៉ោង​ក្នុង​តំបន់​នៅ​អាមេរិក​)​។ ការធ្វើដំណើរ​រយៈពេល ២៧​ម៉ោង​ឡើងទៅ​កាន់​ស្ថានីយ ISS នេះ ពីដំបូង​ឡើយ​គឺ​គ្រោង​នឹង​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃ​សៅរ៍ ទី​១៤ ខែវិច្ឆិកា ឯណោះ​ទេ ប៉ុន្តែ​ត្រូវ​លើក​ពេល​មួយថ្ងៃ ក្រោយ​អាកាសធាតុ​មិនល្អ​។​

​គួរ​បញ្ជាក់ថា ការហោះហើរ​សាកល្បងរ​បស់​យាន Crew Dragon កាលពី​ខែសីហា​កន្លងទៅ ដែល​ដឹក​អវកាសយានិក​តែ ០២​នាក់​ប៉ុណ្ណោះ​ឡើង​ចុះ​ស្ថានីយ ISS គឺជា​បេសកកម្ម​លើកដំបូង នៃ​ការសាកល្បង​បញ្ជូន​អវកាសយានិក​ឡើងទៅ​ទី​អវកាស ដោយ​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​ផ្ទាល់ បើ​គិត​ក្នុង​រយៈពេល ០៩​ឆ្នាំ​មកនេះ ក្រោយ​ការបិទ​បញ្ចប់​នៃ​កម្មវិធី​យានអវកាស Space Shuttle របស់ NASA​។​

​ចាប់តាំងពី​ពេលនោះ​មក អវកាសយានិក​របស់ NASA ពេល​ត្រូវការ​ឡើងទៅ​ស្ថានីយ ISS ម្តងៗ គឺ​ត្រូវ​ជួល​កៅអី​យានអវកាស​របស់​រុ​ស្ស៉ី សូ​យ៉ូ​ស (Soyuz) ដើម្បី​ធ្វើដំណើរ​។ ទីភ្នាក់ងារ​អវកាស NASA បាន​ចុះកិច្ចសន្យា​ជាមួយ SpaceX ព្រមទាំង Boeing ផងដែរ កាលពី​ឆ្នាំ​២០១៤ ដើម្បី​ឲ្យ​អភិវឌ្ឍ​យានអវកាស ក្រោម​គោលដៅ​ជំនួស​កម្មវិធី​យាន Space Shuttle របស់ខ្លួន ហើយ​ផ្តាច់ការ​ពឹងផ្អែក​របស់​អា​មេ​រិ​ក លើ​យានអវកាស និង​រ៉ុក្កែត​របស់​រុ​ស្ស៉ី ក្នុងការ​បញ្ជូន​អវកាសយានិក​ឡើងទៅ​ទី​អវកាស​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close