ក្រសួងទេសចរណ៍ អនុញ្ញាតឱ្យបើកក្លិបហាត់ប្រាណឡើងវិញ

ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងទេសចរណ៍ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យបើកឡើងវិញនូវក្លិបហាត់ប្រាណដើម្បីសុខភាពនៅក្នុង និងក្រៅសណ្ឋាគារនៅទូទាំងរាជធានី-ខេត្ត។
ក្រសួងទេសចរណ៍ បានដាស់តឿនដល់ម្ចាស់អាជីវកម្មក្លិបហាត់ប្រាណទាំងអស់ ត្រូវបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពរបស់ ក្រសួងទេសចរណ៍ ដើម្បីបន្តចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដោយត្រូវរៀបចំឱ្យមានកន្លែងចុះឈ្មោះភ្ញៀវ អាសយដ្ឋានរបស់ភ្ញៀវ បាញ់ទឹកអាល់កុល ឬជែលលាងដៃ ពាក់ម៉ាសជាប្រចាំ រក្សាគម្លាតសុវត្ថិភាពរបស់ភ្ញៀវ ឧបករណ៍ សម្ភារហាត់ប្រាណនីមួយៗត្រូវដាក់ឱ្យឃ្លាតពីគ្នាយ៉ាងតិច ១៥ម៉ែត្រ និងត្រូវបាញ់ថ្នាំសម្លាប់មេរោគ និងអនាម័យជាប្រចាំ ហើយត្រូវអនុត្តតាមលក្ខខណ្ឌតម្រូវផ្សេងៗរបស់ក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ព្រមទាំងត្រូវផ្ដល់សេវាកម្មប្រកបដោយគុណភាព៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។