អាជ្ញាធរ​ខេត្តក្រចេះ ចុះ​ពិនិត្យ​ដំណាំ​ស្រូវ ក្រោយ​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២០ លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តក្រចេះ បាន​ដឹកនាំ​លោក​ប្រធានការិយាល័យ​ក្សេត្រសាស្ត្រ និង​ផលិតភាព​កសិកម្ម និង​មន្ត្រី ដោយ​សហការ​ជាមួយ​ប្រធានការិយាល័យ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​សហគមន៍​ក្រុង​ក្រចេះ និង​លោក​ចៅសង្កាត់ ចុះ​ពិនិត្យ​ជាក់ស្តែង និង​ស្រង់​ទិន្នន័យ​ស្រូវ ដែល​កសិករ​បាន​ស្តារ​ដំណាំ​ស្រូវ​ឡើងវិញ ក្រោយ​រង​ផលប៉ះពាល់ និង​ខូចខាត ដោយ​ទឹកជំនន់ នៅ​សង្កាត់​ចំនួន​២​គឺ​៖

១- សង្កាត់​រកា​កណ្តាល ក្រុង​ក្រចេះ ផ្ទៃដី​ដែល​ខូចខាត និង​ត្រូវ​ស្តារឡើងវិញ ៨ ២០​ហ​.​ត ស្មើនឹង ១២​គ្រួសារ​។ គិត​ត្រឹម​ថ្ងៃទី​១៩ វិច្ឆិកា ម្សិលមិញ គឺ​សម្រេច​បានការ​ស្តារឡើងវិញ​លើ​ផ្ទៃដី ៤,៥០​ហ​.​ត ស្មើ ៦​គ្រួសារ ដោយ​ប្រើ​ពូជស្រូវ​អស់​ចំនួន ៦០០​គ​.​ក្រ​។​

២- សង្កាត់​ក្រគរ ក្រុង​ក្រចេះ ផ្ទៃដី​ដែល​ខូចខាត និង​ត្រូវ​ស្តារឡើងវិញ ២៣​ហ​.​ត ស្មើនឹង ២៣​គ្រួសារ ដោយ​ប្រើ​ពូជស្រូវ ២ ៣០០​គ​.​ក្រ​។ ដោយឡែក​ចំពោះ​នៅតាម​បណ្តា​ស្រុក​ផ្សេងទៀត លោក​ប្រធាន​មន្ទីរ នឹង​រាយការណ៍​ជូន​អំពី​លទ្ធផល​បាន​ស្តារឡើងវិញ​បន្តបន្ទាប់​ទៀត​។ មូលហេតុ​កន្លែង​ខ្លះ​នៅមាន​ការយឺតយ៉ាវ​ដោយសារ​ទឹក​ស្រក​យឺត​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ប្រជាពលរដ្ឋ​ដែល​ទទួលរង​ការខូចខាត​ដំណាំ​ស្រូវ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ២ ៣៧២ គ្រួសារ បានទទួល​គ្រាប់​ពូជស្រូវ ចំនួន ២៣៧ ២០០​គីឡូក្រាម ពី ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ប្រមុខ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close