កូ​វីដ​១៩ នៅលើ​ពិភពលោក​បន្ត​កើនឡើង​, អាមេរិក​នឹង​ចាក់​វ៉ាក់សាំង​ការពារ ដល់​ពលរដ្ឋ​នៅ​ថ្ងៃទី​១២​ខែធ្នូ ឆ្នាំ​២០២០

​គិតដល់​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៤​ខែវិច្ឆិកា​នៅ​ទូទាំង​ពិភពលោក មាន​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង​ដល់​ទៅ 59.474.810 នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​កើនឡើង​ដល់​1.401.410 នាក់​ផងដែរ ។​

​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ កើនឡើង​ខ្ពស់ ពិសេស នៅក្នុង​តំបន់​អឺរ៉ុប ។ អ៊ីតាលី​ជា​ប្រទេស​មាន​ករណី​ឆ្លង​ច្រើនជាងគេ​បំផុត នាពេលនេះ​ដោយមាន​អ្នក​ឆ្លង​ក្នុង​រយៈពេល​២៤​ម៉ោង​កន្លងមក ដល់​ទៅ​50.453 នាក់ និង​ស្លាប់ ៦៣០ នាក់​។ ការឆ្លង​រាលដាល​ច្រើន បានធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ជំ​រ៉ុញ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​របស់ខ្លួន អនុម័ត ប្រើប្រាស់​វ៉ាក់សាំង​ជាបន្ទាន់ ក្រោយ​ធ្វើតេស្ត​មាន​ប្រសិទ្ធភាព​ជាង ៩០​ភាគរយ​។​

​នៅពេលនេះ​អាមេរិក ក៏បាន​ឡើង​គម្រោង​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​ទូទៅ​ចាប់ពី​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០២០​។ ប្រធាន​យុទ្ធនាការ​អភិវឌ្ឍន៍​កូ​វីដ​-១៩​បន្ទាន់ (Warp Speed) បាន​ឲ្យ​ដឹងថា ពលរដ្ឋ​អាមេរិក​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​នៅ​ពាក់កណ្តាល​ខែធ្នូ​ឆ្នាំ​២០២០​។​

​សារព័ត៌មាន NBC បាន​ដកស្រង់​សម្តី​លោក Moncef Slaoui ទីប្រឹក្សា​កម្មវិធី​អភិវឌ្ឍន៍​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩ ដែល​បានប្រកាសថា «​នៅ​ថ្ងៃទី​១១​ឬ​១២​ខែធ្នូ​ខាងមុខនេះ​ពលរដ្ឋ​អាមេរិក​ដំបូង​គេ​បង្អស់​នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​នៅតាម​បណ្តា​រដ្ឋ​ទូទាំង​សហរដ្ឋអាមេរិក ។​ ​លោក Moncef Slaoui បាន​បញ្ជាក់ថា «​ក្នុង​រយៈពេល​២៤​ម៉ោង ក្រោយ​ការអនុម័ត​ពី​នាយកដ្ឋាន​ចំណីអាហារ​និង​ឱសថ​អាមេរិក (FDA) វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​នឹង​ត្រូវបាន​ចែកចាយ​ចាក់​បង្ការ​ដល់​ពលរដ្ឋ​អាមេរិក​ហើយ​។​

លោក Moncef Slaoui បាន​ឲ្យ​ដឹងថា វ៉ាក់សាំង​នឹងត្រូវ​បាន​ចែកចាយ​ទៅតាម​ចំនួន​ពលរដ្ឋ នៅក្នុង​រដ្ឋ​និ​ី​មួយៗ​។ បុគ្គលិក​ជូរ​មុខ​និង​មនុស្ស​វ័យ​ចំណាស់​ទទួលបាន​ការចាក់​វ៉ាក់សាំង​មុនគេ​បង្អស់​។ លោក Moncef Slaoui បន្តទៀតថា គោលដៅ​គឺ​ចាក់​វ៉ាក់សាំង​បង្ការ​ដល់​ពលរដ្ឋ​អាមេរិក​យ៉ាងតិច​៧០%​នៅ​ទូទាំងប្រទេស​។​

​ជាមួយគ្នានេះដែរ (FDA) នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១០​ខែធ្នូ ដើម្បី​អនុញ្ញាត​ច្បាប់​ប្រើប្រាស់​វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​-១៩​ជាបន្ទាន់ ផលិត​ដោយ​ក្រុមហ៊ុន Pfizer របស់​អាមេរិក និង​ក្រុមហ៊ុន​ដៃគូ BioNTech​របស់​អាល្លឺម៉ង់​។ ជាមួយគ្នានេះដែរ​ក្រុមហ៊ុន Moderna និ​ឹ​ង​ស្នើសុំ​ច្បាប់​អនុញ្ញាត​ប្រើប្រាស់​វ៉ាក់សាំង​បន្ទាន់​ផងដែរ​នៅ​ចុងខែ​ធ្នូ ឆ្នាំ​២០២០​នេះ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close