ពិភពលោកមានអ្នកឆ្លងកូវីដ១៩ជាង ៦០លាននាក់ និងស្លាប់កើនឡើងជាង១,៤លានានក់
បច្ចុប្បន្ន នៅទូទាំងពិភពលោកមានចំនួនអ្នកឆ្លងកូវីដ ១៩ កើនឡើងដល់ទៅជាង៦០លាននាក់ហើយ គិតត្រឹមព្រឹកថ្ងៃទី២៥ខែវិច្ឆិកា និងស្លាប់ កើនឡើងជាង ១,៤លាននាក់ផងដែរ ។

ចំណែកនៅក្នុងទឹកដីអាមេរិកវិញក៏មានអ្នកឆ្លងកើនឡើងខ្ពស់ក្នុងរយៈពេល មួយសប្តាហ៍កន្លងមកដោយមានស្លាប់ជាមធ្យម កើនឡើងជាង១៥០០នាក់ក្នុងមួយថ្ងៃ គឺកើន៣២ភាគរយបើប្រៀបធៀបសប្តាហ៍មុន ។ គិតដល់ថ្ងៃទី ២៤ខែវិច្ឆិកា អាមេរិកមានអ្នកស្លាប់កើនឡើងដល់ 264.028 នាក់ ក្នុងចំណោមអ្នកឆ្លងសរុប12.794.991 ក្នុងទឹកដីអាមេរិក។
នៅពេលនេះដែរ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូប បាននិយាយថា មជ្ឍមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (CDC) អាចនឹងកាត់បន្ថយថេរវេលា នៃការធ្វើចត្តាឡីស័កឲ្យនៅខ្លីជាង ១៤ថ្ងៃ។
បច្ចុប្បន្ននេះអាជ្ញាធរសុខាភិបាលអាមេរិក នៅតែបន្តការណែនាំឱ្យធ្វើចត្តាឡីស័ក សម្រាប់រយៈពេល «១៤ថ្ងៃ» ដើម្បីបង្ការការចម្លងវីរុស COVID-19 ប៉ុន្តែមន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា មានភ័ស្តុតាងដែលអាចឲ្យយើងកាត់បន្ថយ រយៈពេលធ្វើចត្តាឡីស័កឱ្យនៅខ្លីជាងមុន ប្រសិនបើអ្នកជំងឺបានធ្វើតេស្តរកឃើញវីរុសរួចរាល់ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ករបស់ពួកគេ។
មន្ត្រីសុខាភិបាលកំពូលរបស់សហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ថា យើងកំពុងត្រួតពិនិត្យមើលភស្តុតាងជាប្រចាំ… យើងក៏កំពុងចាប់ផ្តើមមានភស្តុតាងជាបណ្ដើរៗដែរថា ការធ្វើចត្តាឡីស័កដោយមានការធ្វើតេស្ត អាចនឹងកាត់បន្ថយពីរយៈពេល ១៤ថ្ងៃទៅរយៈពេលខ្លីជាងនេះបាន»។ លោកបានគូសបញ្ជាក់បន្ថែមថា «ការសម្រេចចិត្តផ្លាស់ប្តូរការណែនាំខាងលើនេះ មិនទាន់ដល់សម្រេចដល់ទីបញ្ចប់ទេ ហើយអ្នកជំនាញកំពុងត្រួតពិនិត្យទិន្នន័យឡើងវិញ ដើម្បីធ្វើឱ្យប្រាកដថា ការផ្លាស់ប្តូរបែបនេះ នឹងមិនធ្វើឱ្យមនុស្សមានគ្រោះថ្នាក់ឡើយ»៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។