ពលរដ្ឋ មិនត្រូវ​ដុត​សំណល់​សំរាម និង​កុំ​បោះចោល​សំណល់​ផ្តេសផ្តាស ចូលក្នុង​បឹង​ទន្លេសាប​ឡើយ​

​ខេត្តសៀមរាប​៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា ប្រជាពលរដ្ឋ​មិនត្រូវ​ដុត​សំណល់​សំរាម​និង​កុំ​បោះចោល​សំណល់​ផ្តេសផ្តាស​ជាពិសេស​សំណល់​ប្លា​ស្ទិ​ក​ចូលទៅក្នុង​បឹង​ទន្លេសាប ដើម្បី​ធ្វើឱ្យប៉ះពាល់​ប្រព័ន្ធ​អេកូឡូស៊ី​បឹង​ទន្លេសាប​។ ជីវៈចម្រុះ​គ្រប់​ប្រភេទ​នៅ​បឹង​ទន្លេសាប​ត្រូវបាន​ការពារ មិន​បំពុល​ដោយ​មីក្រូ​ប្លា​ស្ទិ​ក​ដែល​កើត​ពី​ការ​រលាយ​សារធាតុ​ប្លា​ស្ទិ​ក​ក្នុង​ទឹក​ហើយ​ការពារ​បាន​នូវ​ទេសភាព​ដ៏​ល្អ​នៃ​បឹង​ទន្លេសាប​។​

​ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែង​បែបនេះ នាឱកាស​ចូលរួម​ជា​អធិបតី​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ ២៣ វិច្ឆិកា ក្រោម​ប្រធានបទ អនាម័យ​បរិស្ថាន​ល្អ សុខភាព​សហគមន៍​ល្អ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លងទៅ​។

​ឯកឧត្តម នេត្រ​ភក្ត្រា បានឱ្យដឹងថា ប្លា​ស្ទិ​ក​ជាច្រើន​ត្រូវបាន​ហូរ​ចូល​បឹង​ទន្លេសាប​ដោយ​ការប្រើប្រាស់​របស់​សហគម​ន៍​ដែល​រស់​នៅលើ​បឹង​ទន្លេសាប​នេះ​ផង និង​ការហូរ​នាំយក​ប្លា​ស្ទិ​ក ដែល​បងប្អូន​ប្រជាពលរដ្ឋ​បោះចោល​គ្មាន​សណ្តាប់ធ្នាប់​តាម​ព្រែក តាម​ស្ទឹង​នានា​ចាក់​ចូលមកក្នុង​បឹង​ទន្លេសាប​ផង​។ ជាមួយគ្នានេះ ការ​ប្រារព្ធ​ទិវា​អនាម័យ​បរិស្ថាន​ជាតិ និង​ពិធីបុណ្យ​ទន្លេសាប​រដូវ​ទឹកសម្រក​នាពេលនេះ ដើម្បី​បំផុស​ចលនា​ឱ្យ​ពលរដ្ឋ​បញ្ឈប់​ចោល​សំរាម​ក្នុង​ទន្លេសាប និង​ឈប់​ឱ្យ​បឹង​ទន្លេសាប​ទទួលរង​នូវ​ការបំពុល​ដោយ​សំរាម​ជាពិសេស​សំណល់​ប្លា​ស្ទិ​ក​តទៅទៀត​។
​ការអប់រំ​និង​ផ្សព្វផ្សាយ​លើ​ផលប៉ះពាល់​ពី​សំណល់​ប្លា​ស្ទិ​កពិត​ជាមាន​សារៈសំខាន់​និង​ត្រូវធ្វើ ជាប្រចាំ​ហើយ​ជាមួយគ្នានេះ​ត្រូវមាន​ការចូលរួម​អនុវត្ត​ជាប្រចាំ រួម​នឹង​បង្កើត​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ដើម្បី​ប្រសិទ្ធភាព​នៃ​ការកាត់បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​ក្នុង​បឹង​ទន្លេសាប​។​

​សូមបញ្ជាក់ថា​យុទ្ធនាការ​ប្រមូល​សំណល់​ប្លា​ស្ទិ​ក​ពី​បឹង​ទន្លេសាប​មាន​ប្រជាពលរដ្ឋ​ចូលរួម​ប្រមាណ ២,៦៧៩​នាក់ ដោយ​ក្នុងនោះ​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​តាម​មុខផ្ទះ​រៀងៗ​ខ្លួន​ចំនួន ២,៣១៩ គ្រួសារ និង​ពលរដ្ឋ​ចំនួន ជាង ៤០០ នាក់​ផ្សេងទៀត​ចូលរួម​ក្នុង​កម្មវិធី​រួមគ្នា​នាពេលនេះ​។​

​លោក ស៊ា សុផល ប្រធាន​អង្គការ​មូលនិធិ​ទំពាំង​ស្នង​ឫស្សី និង​អ្នកសម្របសម្រួល​ក្រុមយុវជន​មេត្រីភាព​បរិស្ថាន​បានឱ្យដឹងថា កម្មវិធី​បរិស្ថាន​ទាំងមូល​នឹង​ផ្តោតជាសំខាន់​ក្នុងការ​ប្រមូល​សំរាម​យកតែ​ប្លា​ស្ទិ​ក ដែលជា​សំរាម​ដែលមាន​ហានិភ័យ និង​មាន​អាយុ​រាប់រយឆ្នាំ ដែល​បង្ក​ហានិភ័យ​ខ្ពស់​ទាំង​ជីវិត​មនុស្ស សត្វ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close