ក្រោយលោកត្រាំ ព្រមផ្ទេរអំណាច ប្រធានាធិបតីចិន ក៏បានជូនពរ លោកបៃឌិន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកទី៤៦

លោកបៃឌិន ជាបុគ្គលដែលមាន ទំនាក់ទំនងបើកទូលាយជាមួយចិន មិនរឹតបន្តឹងដូចជាលោក ដូណាល់ ត្រាំ ប៉ុន្តែតាំងពីសារព័ត៌មានអាមេរិក ប្រកាសថា លោកបៃឌិនជាប់ឆ្នោត ប្រធានាធិបតីចិនមិនទាន់មានសកម្មភាពអបអរសាទរ ឬជូនពរនៅឡើយទេ។
នៅថ្ងៃទី២៥ខែវិច្ឆិកា ប្រធានាធិបតីចិនលោកស៊ី ជីនពីង បានផ្ញើសារទៅ លោកចូ បៃដិន ដើម្បីអបអរសាទរក្នុងការបោះឆ្នោតជាប្រធានាធិបតី ក្លាយជាប្រធានធិបតីទី៤៦ របស់សហរដ្ឋអាមេរិក។
ក្នុងលិខិតនោះ លោកស៊ី បានគូសបញ្ជាក់ថា ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ មិនត្រឹមតែបម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជន នៃប្រទេសទាំងពីរប៉ុណ្ណោះទេ តែថែមទាំងបំពេញនូវសេចក្តីប្រាថ្នារួមរបស់សហគមន៍អន្តរជាតិទៀតផង។
ជាមួយគ្នានេះដែរ លោកស៊ី បានមានប្រសាសន៍ថា លោកសង្ឃឹមថាភាគីទាំងពីរនឹងប្រកាន់ខ្ជាប់នូវស្មារតីស្រុះស្រួលគ្នា មិនប្រឈមមុខគ្នា និងគោរពគ្នាទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ដើម្បីលើកកម្ពស់បុព្វហេតុដ៏ថ្លៃថ្នូនៃសន្តិភាពនិងការអភិវឌ្ឍពិភពលោក។
គួរបញ្ជាក់ថា នៅថ្ងៃដដែលនេះ អនុប្រធានាធិបតីចិន Wang Qishan ក៏បានផ្ញើលិខិតមួយទៅកាន់លោកស្រី Kamala Harris ដើម្បីអបអរសាទរ ចំពោះការឈ្នះបោះឆ្នោត ក្លាយជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។