ក្រសួងពាណិជ្ជកម្ម ប្រកាស​សម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នូវ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក (E-Commerce Strategy)​។ ការរៀបចំ​យុទ្ធសាស្ត្រ​នេះ ទទួលបាន​ការឧបត្ថម្ភ​ហិរញ្ញប្បទាន​ពី​អង្គភាព​ក្របខ័ណ្ឌ​ពង្រឹង​សមាហរណកម្ម (Enhanced Integrated Framework – EIF)​។​

​ថ្លែង​ក្នុង​ពិធី​សម្ពោធ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា ក្នុង​បរិបទ​ប​ដិ​វដ្ត​ន៍​ឧស្សាហកម្ម​៤.០ បច្ចេកវិទ្យា​ឌីជីថល គឺជា​គន្លឹះ​ដ៏​សំខាន់​ក្នុង​ការជំរុញ​ភាព​ប្រកួតប្រជែង​របស់​សហគ្រាស​ពាណិជ្ជកម្ម លើកកម្ពស់​ផលិតភាព បង្កើន​ការនាំចេញ បង្កើត​ការងារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។ ដូច្នេះ រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា បាន​រំលេច​អំពី “​ការរៀបចំ​ខ្លួន​សម្រាប់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​ឌីជីថល និង​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​៤.០” ក្នុង​មុំ​ទី​៣ ចតុកោណ​ទី​២ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​។

​ក្រសួងពាណិជ្ជកម្ម ក្នុងនាម​ជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល បានរៀបចំ​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដើម្បី​ជា​ផែនទី​បង្ហាញផ្លូវ​ដល់​ការអភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​ក្របខ័ណ្ឌ​រួមមួយ ដោយ​វិស័យនេះ ជា​វិស័យ​ថ្មី​ទើបនឹង​លេចឡើង ប៉ុន្តែ​ជា​វិស័យ​ប្រកបដោយ​សក្តានុពល​ខ្ពស់​ក្នុង​ការបង្កើត​ប្រភព​កំណើន​ថ្មី​សម្រាប់​សេដ្ឋកិច្ចកម្ពុជា​។

​ទោះជា​យ៉ាងនេះ​ក្ដី វិស័យនេះ​ក៏មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ ដោយ​បញ្ហា​ប្រឈម​ទាំងនេះ​ត្រូវបាន​សិក្សា​វិភាគ​យ៉ាង​ល្អិតល្អន់​នៅក្នុង​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ហើយក៏​បានដាក់​ចេញ​នូវ​អនុសាសន៍ និង​ផែនការ​សកម្មភាព ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់ និង​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំង​វិស័យ​សាធារណៈ វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ផងដែរ​។​

​សូមបញ្ជាក់​ផង​ថា យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ទាំងអស់​មាន​១០​ជំពូក ដូចជា​៖ ១) យុទ្ធសាស្ត្រ​/​គោលនយោបាយ និង​ផ្នែក​សម្របសម្រួល​ស្ថាប័ន​, ២) ក្របខ័ណ្ឌ​ច្បាប់ និង​បទ​ប្បញ្ញត្តិ​, ៣) បទបញ្ញត្តិ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​, ៤) ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា និង​ទូរគមនាគមន៍​, ៥) ហេដ្ឋារចនាសម្ព័ន្ធ​ជំនាញ​ឌីជីថល​, ៦) ប្រព័ន្ធ​ទូទាត់​, ៧) ភស្តុភា​រកម្ម​ពាណិជ្ជកម្ម​ក្នុងស្រុក​, ៨) ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​, ៩) ការទទួលបាន​ហិរញ្ញប្បទាន និង ១០) ពត៌មាន​ពាណិជ្ជកម្ម និង​ការគាំទ្រ​ទីផ្សារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close