រដ្ឋបាល​ខេត្តកោះកុង ប្រកាស​បិទ​ការនេសាទ នៅ​ពាម​ក្រសោប ធ្វើ​ឲ្យ​តម្លៃ​ត្រី​កា​ម៉ុង បន្ត​ហក់​ឡើង​ខ្ពស់​

​កោះកុង​៖ ត្រី​កា​ម៉ុង ជា​ត្រី​សមុទ្រ​មួយ​ប្រភេទ ត្រូវបាន​ពលរដ្ឋ​កម្ពុជា ទទួលស្គាល់ថា មាន​នៅតែ​ក្នុង​ខេត្ត​ចំនួន​៤ ជាប់​សមុទ្រ​នៃ​ប្រទេស​កម្ពុជា គឺ​ខេត្តកោះកុង កំពត កែប និង​ខេត្ត​ព្រះសីហនុ​។ ត្រី​សមុទ្រ​មួយ​ប្រភេទ​នេះ កំពុង​ទទួលរង​ហានិភ័យ​ខ្ពស់​ពី​ការនេសាទ ខុសច្បាប់​របស់​ក្រុម​ឈ្មួញ​ខិលខូច​មួយចំនួន ស្របពេល​ដែល​វា​កំពុង​ពង​កូន​។​

​មន្ត្រីជលផល​នៃ​មន្ទីរ​កសិកម្ម​ខេត្តកោះកុង អះអាងថា ប្រភេទ​ត្រី​កា​ម៉ុង​បច្ចុប្បន្ន កំពុង​ប្រឈម​នឹង​ការនេសាទ​ខុសច្បាប់ គ្រប់​រដូវ​កាល ជាហេតុ​នាំ​ឲ្យ​ផល​ត្រី​ប្រភេទ​នេះ​កាន់តែ​ថមថយ​ទៅៗ​។

​កោះកុង​ជា​ខេត្ត ដែលមាន​តំបន់​សហគមន៍ ជាច្រើន ក្នុងនោះ​ពាម​ក្រសោប​ក៏​ជា​តំបន់​សហគមន៍​នេសាទ​សមុទ្រ ដែល​បច្ចុប្បន្ន​ត្រូវបាន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាត់​បញ្ចូល​ជា​តំបន់​គ្រប់គ្រង​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង ដែល​មួយផ្នែក​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ពាម​ក្រសោប ស្រុក​មណ្ឌលសីមា និង​មួយផ្នែក​ទៀត​ស្ថិតក្នុង​ឃុំ​កោះ​កាពិ ស្រុក​កោះកុង ដែលមាន​ទំហំ ១.២៨៣​ហិកតា​។​

​ពាក់ព័ន្ធ​នឹង​ការបង្កើត​តំបន់​គ្រប់គ្រង​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាល​ខេត្តកោះកុង បានចេញ​សេ​ក្តី​ជូនដំណឹង​ស្តីពី​ការបិទ​នេសាទ​ត្រី​កា​ម៉ុង ក្នុង​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង​នៅ​ពាម​ក្រសោប​។ ការចេញ​សេ​ក្តី​ជូនដំណឹង​នេះ ធ្វើឡើង​ក្រោយ​ពេលដែល​មន្ត្រី​ជំនាញ​ជលផល ចុះ​ធ្វើ​ការណែនាំ​ដល់​ប្រជា​នេសាទ ទាំងអស់​ហាម​មិន​ឲ្យ​ធ្វើ​ការនេសាទ​នៅ​ជុំវិញ និង​ក្នុង​ដែន​ជម្រក​នេះឡើយ ដោយសារ​កំលុង​ពេលនេះ​ជា​រដូវ​កាល​ត្រី​កំពុង​ពង​កូន​។

​ក្នុង​រដូវ​ធ្លាក់​ខ្យល់​ត្រជាក់ តម្លៃ​ត្រី​កា​ម៉ុង​នៅលើ​ទីផ្សារ​តែងតែមាន​កា​រហ​ក់​ឡើង​ខ្ពស់​ជា​រៀងរាល់ឆ្នាំ សម្រាប់​ពេលនេះ​តម្លៃ​នៅលើ​ទិ​ផ្សារ ១៥.០០០​រៀល ក្នុង​មួយ​គីឡូក្រាម នៅលើ​ទីផ្សារ​ខេត្តកោះកុង​។ ក្រោយ​ពិនិត្យឃើញថា ប្រភេទ​ត្រី​កា​ម៉ុង កាន់តែ​មានការ​ថមថយ​ខ្លាំង ក្រុមការងារ​សហគម​ន៍ ជំនាញ​ជលផល នៃ​មន្ទីរ​កសិកម្ម សហការ​និង​រដ្ឋបាលខេត្ត សម្រេច​បិទ​ការនេសាទ​ត្រី​កា​ម៉ុង ក្នុង​ដែន​ជម្រក​សុវត្ថិភាព​ត្រី​កា​ម៉ុង​នៅ​ពាម​ក្រសោប រយៈពេល ៤​ខែ ចាប់ពី​ថ្ងៃទី​០១ ខែធ្នូ ដល់​ថ្ងៃទី​៣១ ខែ​មិនា​ឆ្នាំ​២០២០ បន្ទាប់ពី​សិក្សា​ឃើញថា ត្រី​កា​ម៉ុង ផ្តើម​ពង​កូន ក្នុង​ចន្លោះ​ខែវិច្ឆិកា និង​ខែធ្នូ ដែល​ពេលកន្លងមក ការបិទ​នេសាទ បាន​ផ្តើម​បិទ​តែ​រយៈពេល​ខ្លី គឺ​ចាប់ពី​ខែមករា ដល់​ខែ​មិនា​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close