លោក ត្រាំ នឹង​ដើរ​ចេញពី​សេត​វិមាន បើសិន​លោក ចូ បៃ​ដិ​ន ទទួលស្គាល់​ជា​អ្នកឈ្នះឆ្នោត​ជា​ផ្លូវការ​

​អាមេរិក​៖ ក្នុង​ថ្ងៃបុណ្យ​រំលឹក​គុណ “Thanksgiving” នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា លោក​នឹង​ចាក​ចេញពី​សេត​វិមាន បើសិនជា​លោក ចូ បៃ​ដិ​ន ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ថា ជា​អ្នកឈ្នះ​នៅក្នុង​ការបោះឆ្នោត​ប្រធានាធិបតី ដោយ​អង្គ​បោះឆ្នោត​ទាំង ៥៣៨​រូប នេះ​បើតាម​សារព័ត៌មាន​រ៉​យ​ទ័​រ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ។


​
នាឱកាស​នោះដែរ ប្រធានាធិបតី​អាមេរិក​រូបនេះ បាន​សង្កត់ធ្ងន់ថា ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន លោក​ពិបាក​នឹង​ទទួលស្គាល់​ជ័យជម្នះ​របស់លោក បៃ​ដិ​ន ហើយក៏​មិនបាន​និយាយថា លោក​នឹងចូលរួម​ក្នុង​ពិធី​ស្បថ​ចូលកាន់​តំណែង​ជា​ប្រ​ធានា ធិបតី​របស់លោក បៃ​ដិ​ន នោះដែរ ដោយ​លោក​នៅតែ​អះអាង​ដដែល​ថា ការបោះឆ្នោត​មានការ​លួច​ចប​ន្លំ ។​

​សូមជម្រាបថា អង្គ​បោះឆ្នោត​ទាំងអស់ នឹងត្រូវ​ជួបជុំគ្នា​នៅតាម​រដ្ឋធានី​នីមួយៗ​ប្រចាំ​រដ្ឋ​របស់ខ្លួន នៅ​ថ្ងៃទី​១៤ ខែធ្នូ​ខាងមុខនេះ ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​អាមេរិក​ទី​៤៦​ជា​ផ្លូវការ ហើយ​ដើម្បី​ជាប់ឆ្នោត​លោក បៃ​ដិ​ន ឬ​លោក ត្រាំ ត្រូវ​ប្រមូល​សំឡេងគាំទ្រ​ពី​អង្គ​បោះឆ្នោត​២៧០​រូប ក្នុងចំណោម​អង្គ​បោះឆ្នោត​សរុប​ទាំង​៥៣៨​រូប ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close