ពិភពលោក​មាន​អ្នក​ឆ្លង​ជាង​៦១​លាន​នាក់ អាមេរិក នឹង​ប្រើប្រាស់​វ៉ាក់សាំង​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​

​គិតដល់​ព្រឹក​ថ្ងៃ ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ៦១, ៣០២,៤៣៥​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ១,៤៣៧,៦៣៩​នាក់ និង​ជាសះស្បើយ​ឡើងវិញ ៤២,៣៩៣,៥២៦​នាក់​។​

​សហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​។ សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ១៣,២៤៨,៦៧៦​នាក់ ស្លាប់​ចំនួន ២៦៩,៥៥៥​នាក់ និង​ជាសះស្បើយ​ចំនួន ៧,៨៤៦,៨៧២​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ឥណ្ឌា​។ ឥណ្ឌា​មាន​អ្នក​ឆ្លង ៩,៣០៩,៨៧១​នាក់ ស្លាប់​ចំនួន ១៣៥,៧៥២​នាក់ និង​ជាសះស្បើយ ៨, ៧១៧,៧០៩​នាក់​។​

​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ប្រេ​ស៊ី​ល​។ ប្រេ​ស៊ី​ល មាន​អ្នក​ឆ្លង ៦,២០៤,៥៧០​នាក់ ស្លាប់ ១៧១,៤៩៧​នាក់ និង​ជាសះស្បើយ ៥,៥២៨,៥៩៩​នាក់​។​

​ជាមួយគ្នានេះដែរ​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាសថា វ៉ាក់សាំង​ប្រឆាំង​កូ​វីដ​១៩ នឹង​ត្រូវបាន​ចែកចាយ​ទៅកាន់​បណ្តា​រដ្ឋ នៅ​សប្តាហ៍​ក្រោយ ហើយ​អ្នក​ដែល​ប្រឈម​ការឆ្លង​ខ្ពស់ នឹង​ទទួលបាន​ការចាក់​វ៉ាក់សាំង​មុនគេ​។​

​សារព័ត៌មាន DailyMail បាន​ផ្សាយ​ថា នៅក្នុង​សុន្ទរកថា របស់​ប្រធានាធិបតី​អាមេរិក​ទៅកាន់​កម្លាំង​ទាហាន នៅក្រៅ​ប្រទេស​តាម​អន​ឡាញ់ ក្នុង​ថ្ងៃទី​២៦​ខែវិច្ឆិកា ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​បាន​បញ្ជាក់ថា វ៉ាក់សាំង ប្រឆាំង​កូ​វីដ​១៩ នឹង​ចែកចាយ​ប្រើប្រាស់ នៅ​ដើមខែ​ធ្នូ ។ បុគ្គល​ដែល​ទទួលបាន​អាទិភាព​មុនគេ​គឺ ក្រុមគ្រូពេទ្យ មនុស្ស​ចាស់​។​
​លោក​ត្រាំ​បញ្ជាក់ថា «​វ៉ាក់សាំង​នឹងត្រូវ​បាន​ចែកចាយ​នៅ​សប្តាហ៍​ក្រោយ និង​សប្តាហ៍​ក្រោយ​ទៀត »​។

​លោ​ត្រាំ​បង្ហាញ​ក្តី​សង្ឃឹមថា ស្ថានភាព​កូ​វីដ​១៩ នឹង​ធ្លាក់ចុះ​ក្នុងពេល​ឆាប់​នេះ​។ ការប្រកាស​របស់ ប្រធានាធិបតី​អាមេរិក ក្រោយពេល ក្រុមហ៊ុន Moderna និង Pfizer ប្រកាសថា វ៉ាក់សាំង នឹង​ទទួលបាន​ជោគជ័យ ដល់​ទៅ​៩៥​ភាគរយ ។ រដ្ឋបាល​គ្រប់គ្រង​ឱសថ​អាមេរិក នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា និង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ទាំងពីរ​ដើម្បី​អនុម័ត​ច្បាប់​ប្រើប្រាស់​ជាបន្ទាន់​។​

​លោក Gustave Perna ប្រធាន​យុទ្ធនាការ​វ៉ាក់សាំង​បន្ទាន់​Warp Speed បាន​បញ្ជាក់ថា​រដ្ឋាភិបាល​របស់លោក​ត្រាំ​និង​ចែកចាយ​វ៉ាក់សាំង ទូទាំងប្រទេស ក្នុង​រយៈពេល​តែ​២៤​ម៉ោង​ប៉ុណ្ណោះ ក្រោយ​ការអនុម័ត​។​ ​បច្ចុប្បន្ន អាមេរិក មាន​ករណី​ឆ្លង​កូ​វីដ​១៩ កើនឡើង​ជាង​១៣​លាន​នាក់ និង​ស្លាប់ ជាង​២៧០​ពាន់​នាក់ ។ ជា​រៀងរាល់ថ្ងៃ​អាមេរិក មាន​ករណី​ឆ្លង​ថ្មី​ជាង​១០០​ពាន់​នាក់ ថ្ងៃ​ខ្លះ​មាន​អ្នក​ឆ្លង​ដល់​ទៅ ១៧០​ពាន់​នាក់​៕
​ 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close