៩​ខែ ឆ្នាំនេះ​! កម្ពុជា ចាប់ខ្លួន​មនុស្ស​ជាង​១​ម៉ឺន​នាក់ ក្នុង​បទល្មើស​គ្រឿងញៀន

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​លើកឡើងថា បញ្ហា​គ្រឿងញៀន​ខុសច្បាប់ គឺជា​បទល្មើស ឆ្លងដែន​ដ៏​គ្រោះថ្នាក់​មួយ ក្នុងចំណោម​បទល្មើស​ដែល​បានកំណត់ ក្នុង​វិសាលភាព នៃ​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែល​ទាមទារ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់បំផុត​។​

​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន ស្ដីពី​ការប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន AMMTC លើ​ទី​១៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​តាម​ប្រព័ន្ធ​វីដេអូ ពី​ទីស្ដីការ​ក្រសួងមហាផ្ទៃ សម្ដេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់ថា បច្ចុប្បន្ននេះ​ថ្វី​ដ្បិត​ការ​រាតត្បាត​ជំងឺ​កូ​វីដ​១៩ បង្ក​ការរាំងស្ទះ និង​ការ​រឹតបន្តឹង​នានា ដល់​ការធ្វើដំណើរ​ឆ្លងដែន ក្នុងប្រទេស ក្នុង​តំបន់ និង​សក​លោក​ក្ដី កម្ពុជា​កត់សម្គាល់ឃើញ​ថា ការជួញដូរ គ្រឿងញៀន​ខុសច្បាប់ នៅតែ​ជា​បញ្ហា​ដ៏​ក្ដៅគគុក ដែល​កំពុង​បង្ក​ផលប៉ះពាល់ ប្រទាក់ក្រឡា​គ្នា យ៉ាង​ស្មុគស្មាញ​ដល់​សន្តិសុខ សុវត្ថិភាព សុខមាលភាព​សង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ទាំង​នៅក្នុង​តំបន់​ទីក្រុង និង​ជនបទ​។​

​សម្ដេច​ក្រឡាហោម ស ខេង បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល ៩​ខែ ឆ្នាំ​២០២០​នេះ កម្លាំង​សមត្ថកិច្ច​កម្ពុជា បាន​បង្ក្រាប​ករណី​គ្រឿងញៀន ដោយ​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​បាន​ប្រមាណ​១,៣០០០​នាក់​។ ក្នុងនោះ​ករណី​មួយចំនួនធំ ត្រូវបាន​នាំចូល​តាម​ព្រំដែន​គោក និង​តាម​ការស្រាវជ្រាវ ព្រមទាំង​បទពិសោធន៍​កន្លងមក អនុតំបន់​មេគង្គ ពិសេស​តំបន់ត្រីកោណមាស នៅតែ​ជា​ចំណុចកណ្ដាល នៃ​ការផលិត និង​ចរាចរណ៍​គ្រឿងញៀន​ខុសច្បាប់ រួមទាំង​ប្រភេទ​គ្រឿងញៀន​សំយោគ សម្រាប់​ឧក្រិដ្ឋជន​បន្ត​ចែកចាយ​ក្នុង​តំបន់ និង​ពិភពលោក​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​គូស​រំលេច​ថា ចាប់តាំងពី​បង្កើតឡើង នៅ​ឆ្នាំ​២០១៧ យុទ្ធនាការ​នេះ​បាន​អនុវត្ត​ចំនួន​៥​លើក​រួចមកហើយ ដោយបាន​រឹបអូស​គ្រឿងញៀន​គ្រប់​ប្រភេទ​ជាច្រើន​តោន និង​ចាប់បញ្ជូន​ជនល្មើស ទៅ​ទទួល​ការផ្ដន្ទាទោស​ជាច្រើន​រយ​នាក់​។ យុទ្ធនាការ​នេះ ក៏បាន​ផ្ដោតលើ​ការស្ដារ​នីតិសម្បទា អ្នកញៀន​គ្រឿងញៀន ដើម្បី​ធ្វើ​សមាហរណកម្ម​ពួកគេ ទៅក្នុង​សង្គម​វិញ​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close