ឯកឧត្តម គួច ចំរើន នាំអំណោយមនុស្សធម៌ចែកជូនពលរដ្ឋទីទ័លក្រ ៩៥៤គ្រួសារ នៅក្រុងព្រះសីហនុ

ព្រះសីហនុ៖ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មការធិការសាខាកាកបាទក្រហកម្ពុជាខេត្តព្រះសីហនុ និងជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងលោកជំទាវ អញ្ជើញសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋទីទ័លក្រចំនួន ៩៥៤គ្រួសារ នៅក្នុងក្រុងព្រះសីហនុ។

លោក អ៉ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានធ្វើរបាយការ ស្តីពីប្រជាពលរដ្ឋទីទ័លក្រ ដែលមកទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាពេលនេះមានចំនួន ៩៥៤ គ្រួសារ ក្នុងនោះ ប្រជាពលរដ្ឋរស់តាមថ្នល់ និងតាមការដ្ឋានមានចំនួន ៤៨០គ្រួសារ គ្រួសារទីទ័លក្រមកពីសង្កាត់លេខ៤ មានចំនួន ២៥៦ គ្រួសារ គ្រួសារផ្ទុកមេរោគអេដស៍ ១៥០គ្រួសារ និងសិស្សសាលាដុនបូស្កូ ចំនួន ៦៨នាក់។
ឯកឧត្តម គួច ចំរើន ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋទីទ័លក្រដោយពាំនាំសួរសុខទុកពីសម្តេចកិត្តិព្រឹត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាចំពោះប្រជាពលរដ្ឋទីទ័លក្រនៅក្រុងព្រះសីហនុ ក៏ដូចជាប្រជាពលរដ្ឋទីទ័លក្រជួបគ្រោះធម្មជាតិនានានៅទូទាំងប្រទេស សម្តេចទាំងទ្វេរតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋនដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជាតិសាសន៍ ឬនិន្នាការនយោបាយ គឺធ្វើយ៉ាងណាយើងត្រូវជួយប្រជាពលរដ្ឋបានទាន់ពេលវេលាដោយមិនទុកឱ្យប្រជាពលរដ្ឋយើងណាម្នាក់ខ្វះខាតស្បៀងដោយមិនបានដឹងនោះទេ ។
ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណសប្បុរសជនដែលបានជួយឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាដល់សាខាមានលទ្ធភាពក្នុងការចែកជូនបងប្អូនប្រជាពលរដ្ឋទីទ័លក្រនៅក្នុងខេត្តព្រះសីហនុ ពិសេសអង្គការម្លប់តាប៉ាងដែលបានធ្វើសកម្មភាពជួយដល់កុមារក្នុងក្រុងព្រះសីហនុ ក៍ដូចជាគ្រួសារក្រីក្រនូវកម្មវិធីជាច្រើនដូចជា ប្រមូលកុមារឱ្យស្នាក់នៅរៀនសូត្រក្នុងមណ្ឌល និងជួយកុមារនៅតាមចិញ្ចើមផ្លូវបានចូលរៀនសូត្រនៅសាលារដ្ឋ គ្រួសារផ្ទុកមេរោគអេដស៍ ជំងឺអេដស៍នៅខេត្តព្រះសីហនុ អង្គការបានធ្វើសកម្មភាពចំគោលដៅ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។ ក្នុងស្ថានភាពបែបនេះ សាខាកាកបាទក្រហមខេត្តបានខិតខំកៀរគថវិកាចែកជូនប្រជាបពលរដ្ឋរបស់យើងបានជាបន្តបន្ទាប់។ សាខាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយដោះស្រាយជីវភាពប្រជាពករដ្ឋក្រីក្រក្នុងខេត្តព្រះសីហនុ ដោយអនុវត្តនូវគោលការគ្រឹះរបស់កាកបាទ ក្រហមកម្ពុជា ។
ឯកឧត្តម ប្រធានគណៈកម្មការសាខាកាកបាទក្រហមខេត្តព្រះសីហនុ បានបញ្ជាក់ថាខែកន្លងមកខេត្តជួបព្រឹត្តិការណ៍ពីរ គឺគ្រោះថ្នាក់ចរាចរណ៍នៅក្រុងព្រះសីហនុ បណ្តាលឱ្យបាត់បង់អាយុជីវិតប្តីប្រពន្ធពីរគ្រួសារបន្សល់ទុកកូនកំព្រា ។ ទោះបីរាជរដ្ឋាភិបាល បានខិតខំធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ធ្វើឱ្យជីវភាពកាន់តែល្អប្រសើរកាត់បន្ថយភាគក្រីក្រហើយរដ្ឋបាលខេត្ត ក្រុងបានរៀបចំសណ្តាប់ធ្នាប់សាធារណ: ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តព្រះសីហនុ ព្រមទាំងអំពាវនាវប្រជាពលរដ្ឋផ្លាស់ប្តូរទម្លាប់ ចូលរួមអនុវត្តវិធានសុខាភិបាលដោយលាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់បើចេញទៅទីប្រជុំជនត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ និងសហគមន៍យើង។
អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋទីទ័លក្រក្នុងក្រុងព្រះសីហនុចំនួន ៩៥៤គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ០១កេស ត្រីខ ០១យួ ប្រេងឆា ០១ដប និងថវិកា ៥០,០០០រៀល ៕



កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។