រថយន្ត​ដឹក​ទឹកកក បុក​ជាមួយ​រថយន្ត​កុងតឺន័រ គៀប​ស្លាប់​ម្នាក់​នៅនឹងកន្លែង​

​ខេត្តកំពង់ស្ពឺ​៖ តៃកុង​រថយន្ត​ម្នាក់ បាន​គៀប​ស្លាប់​ភ្លាមៗ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ដឹក​ទឹកកក និង​រថយន្ត​កុងតឺន័រ នៅវេលា​ម៉ោងជាង​៥​ព្រឹក ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លើផ្លូវ​ជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​(៤៨-៤៩) ស្ថិតក្នុង​ភូមិ​ព្រៃ​ស្លឹក សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។​

​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​រថយន្ត​កូរ៉េ ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-7387 បើក​ពី​កើ​តទៅ​លិច អ្នកបើកបរ​ឈ្មោះ ម៉ូយ លី​ដែន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សំពៅ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ (​ស្លាប់​) លុះ​បើក​មកដល់​ចំណុច​ខាងលើ បាន​បើក​ចូល​ចំណែក​ផ្លូវ​បុក​ខាង​រថយន្ត​កុងតឺន័រ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-5043 សន្តោង​កន្ទុយលេខ​ព្រះសីហនុ 4A-5020 យ៉ាង​ពេញទំហឹង​តែម្តង​។ ភ្លាមៗ អ្នកបើកបរ​រថយន្ត​កុងតឺន័រ បាន​ចុះ​រត់គេចខ្លួន​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច បាន​ចុះ​អន្តរាគមន៍ និង​បានប្រគល់​សព​ជូន​ក្រុមគ្រួសា​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ចំណែក​វត្ថុតាង ត្រូវបាន​យកមក​រក្សាទុក ដើម្បី​ដោះស្រាយ​តាម​នី​តី​វិធី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close