ស្រីលង្កា​៖ ការឆ្លង​កូ​វីដ​១៩ កើនឡើង​ក្នុង​ពន្ធនាគារ អ្នកទោស​បាតុកម្ម ក្លាយជា​ហិង្សា​ស្លាប់​ជាច្រើន​

​ការឆ្លង​រាលដាល​កូ​វីដ​១៩ កាន់តែ​កើនឡើង​ខ្ពស់ ពិសេស​នៅក្នុង​ពន្ធនាគារ ដែលមាន​អ្នកទោស​ច្រើន​។ អ្នកទោស​បាននាំគ្នា​តវ៉ា​នៅតាម​ពន្ធនាគារ​នានា ក្រោយ​អ្នកទោស​ជាច្រើន​បាន​ឆ្លង​កូ​វីដ​១៩ ។​

​នៅ​ថ្ងៃទី ៣០​ខែវិច្ឆិកា មាន​សាច់​ញាត​អ្នកទោស ប្រមាណ ៥០០​នាក់ បាន​ប្រមូល​ផ្តុំគ្នា នៅមុន​ពន្ធនាគារ​ស្នើ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ផ្តល់ព័ត៌មាន​ពី​អ្នកទោស និង ធានា​សុវត្ថិភាព​ដល់ អ្នកទោស​ទាំងអស់ ។​ ​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា មន្ត្រី​ស្រីលង្កា បានប្រកាស​ឲ្យ​ដឹងថា មាន​អំពើហិង្សា​កើតឡើង​នៅ​ពន្ធនាគា Mahara បណ្តាល​ឲ្យ​អ្នកទោស ៦​នាក់​ស្លាប់​និង ៣៥​នាក់ រងរបួស ពេល​ប៉ូលិស​បាញ់កាំភ្លើង​បំបែក​ក្រុម​អ្នកទោស​ធ្វើបាតុកម្ម​។​

​អ្នកនាំពាក្យ ស្នងការ​ប៉ូលិស ស្រីលង្កា​លោក​Ajith Rohana បាន​បញ្ជាក់ថា​អំពើហិង្សា​កើតឡើង នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា នៅ​ពន្ធនាគារ​Mahara ចម្ងាយ​ពី​ទីក្រុង Colombo ១៥ គី​លូ​ម៉ែត្រ​នៅ​ភាគ​ខាងជើង​។ លោក​បន្តទៀតថា កម្លាំង​សន្តិសុខ​បានសម្រេច​ផ្ទុះអាវុធ ក្រោយពេល​អ្នកទោស​ព្យាយាម គ្រប់គ្រង​ពន្ធនាគារ​។ អ្នកទោស​បាន​បំផ្លាញ​សម្ភារៈ ទ្រព្យា​សម្បត្តិ នៅក្នុង​ពន្ធនាគារ​ស្ទើ​តែ​ទាំងស្រុង​។​
​តាម​តួលេខ​បង្ហាញ​ឲ្យ​ឃើញថា មាន​អ្នកទោស​ជាង​១​ពាន់​នាក់ នៅក្នុង​ពន្ធនាគារ​ចំនួន​៥​ផ្សេងគ្នា​ធ្វើតេស្ត​រកឃើញ​ឆ្លង​កូ​វីដ​១៩ និង​២​នាក់​ស្លាប់ ។ ចំណែក​ឆ្មាំ​គុក​៥០ នាក់​ក៏បាន​ឆ្លង​កូ​វីដ​១៩​ផងដែរ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close