អាជ្ញាធរក្រុងបាងកក ប្រកាសលុបចោលពីធីឆ្លងឆ្នាំវិញ បន្ទាប់ពីផ្ទុះករណីឆ្លងកូវីដ១៩ ក្នុងសហគមន៍ជាថ្មី

ថៃ៖ រដ្ឋបាលទីក្រុងបាងកក BMA ប្រកាសថា រាល់ព្រឹត្តិការណ៍រាប់ថយក្រោយនៃពិធីឆ្លងឆ្នាំថ្មីត្រូវបានលុបចោលវិញ បន្ទាប់ពីករណីថ្មីនៃជំងឺ Covid-19 ត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញនោះ នេះបើតាមសារព័ត៌មាន The Thaiger នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

រដ្ឋបាលទីក្រុងបាងកក BMA ក៏ស្នើសុំឲ្យកម្មករនៅក្នុងទីក្រុងបាងកក ធ្វើការពីផ្ទះផងដែរក្នុងរយៈពេល១៤ថ្ងៃខាងមុខនេះ។ រហូតមកទល់ពេលនេះ អាជ្ញាធរសុខាភិបាលកំពុងធ្វើការតាមដានយ៉ាងសកម្មនៅតាមការដ្ឋានសំណង់ ភោជនីយដ្ឋាន និងផ្សារចំនួន៤៧២នៅជុំវិញខេត្ត សាមុត សាខន និងទីក្រុងបាងកក។
វិធានការនេះបានកើតមានឡើងក្រោយរកឃើញករណីឆ្លងជំងឺ Covid-19 ចំនួន៦៨៩ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលភាគច្រើនទាក់ទងទៅនឹងកម្មករចំណាកស្រុកនៅក្នុងឧស្សាហកម្មនេសាទតាមឆ្នេរសមុទ្រ និងផ្សារក្នុងខេត្តរបស់ថៃមួយនេះ។
ទន្ទឹមគ្នា នាយកដ្ឋានប្រយុទ្ធនឹងជំងឺថៃបាននិយាយថា បច្ចុបន្នពួកគេកំពុងតាមរកមនុស្សជាង១ម៉ឺននាក់ ដែលអាចមានទំនាក់ទំនងជាមួយពលករចំណាកស្រុកដែលបានឆ្លង Covid-19៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។