កម្ពុជា អាច​នឹងមាន​ភ្លៀង​ធ្លាក់ និង​ចុះ​ត្រជាក់​ខ្លាំង រីឯ​តំបន់​មាត់សមុទ្រ​នឹងមាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​, សូម​បងប្អូន​ប្រុងប្រយ័ត្ន​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ប្រចាំ​សប្តាហ៍​ចាប់ពី​ថ្ងៃទី​២៣ ដល់ ២៩ ខែ ធ្នូ ឆ្នាំ​២០២០​។​

​ក្រសួង​បញ្ជាក់ថា នៅ​ថ្ងៃទី​២៣-២៤ ខែធ្នូ ឆ្នាំ​២០២០ ភាគ​ខាងជើង​នៃ​កម្ពុជា ទទួលរង​ឥទ្ធិពល​ពី​ទ្រនុង​សម្ពាធ​ខ្ពស់ និង​ភាគខាងត្បូង​នៃ​កម្ពុជា ទទួល​ឥទ្ធិពល​សម្ពាធ​ទាប​សកម្ម​ក្រវាញ លើក​ទី​២៣​។​ ថ្ងៃទី​២៤ -២៩ ខែធ្នូ កម្ពុជា នឹង​ទទួល​ឥទ្ធិពល​ពី​ខ្យល់មូសុង​ឦសាន​មធ្យម​។​

​ស្ថានភាព​បែបនេះ​ធ្វើ​ឲ្យ​៖
១៖ បណ្តា​ខេត្ត​នៅ​តំបន់​រាល​ទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២១-២៤ អង្សា​សេ​
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩ -៣២ អង្សា​សេ​
​នៅ​ថ្ងៃទី​២៣-២៥ ខែធ្នូ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ​។ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-២៨ អង្សា​សេ​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ព​ស់រាប​ឦសាន​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ អង្សា​សេ​
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៩ -៣២ អង្សា​សេ​
​នៅ​ថ្ងៃទី​២៣-២៥ ខែធ្នូ អាចមាន​ភ្លៀង​ធ្លាក់​ពី​ខ្សោយ​ទៅ​មធ្យម ។ សីតុណ្ហភាព​អប្បបរមា មាន​ពី​១៧-២០ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៤-២៧​អង្សា​សេ​។​

៣៖ តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៥ អង្សា​សេ​
* សីតុណ្ហភាព​អតិបរមា មាន​ពី ២៨ -៣១ អង្សា​សេ​
​ថ្ងៃទី​២៣-២៤ ខែធ្នូ នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​ខ្សោយ ទៅ​បង្គួរ និង​នៅ​ផ្ទៃសមុទ្រ​អាច​នឹងមាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។ សីតុណ្ហភាព​អប្បបរមា មាន​ពី​២០-២៣ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៥-២៩ អង្សា​សេ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close