មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ចុះពិនិត្យ និងសិក្សាគម្រោងសាកល្បងបង់ថ្លៃសេវា ផ្គត់ផ្គង់ទឹកសាប ដើម្បីជួយការពារប្រព័ន្ធអេកូឡូស៊ីននៅភ្នំគូលែន!

ឯកឧត្តម នេត្រ ភក្ត្រា បានចុះពិនិត្យ និងសិក្សាការអនុវត្តសាកល្បងគម្រោងការបង់ថ្លៃសេវាប្រព័ន្ធអេកូឡូស៊ី ហៅកាត់ថា ភី អុី អេស (PES) (Payment for Ecosystem Services) នៅឧទ្យានជាតិជ័យវរ្ម័ននរោត្តមភ្នំគូលែន ក្នុងខេត្តសៀមរាប ដើម្បីប្រើប្រាស់ថវិកាដែលទទួលបាន សម្រាប់ការពារប្រព័ន្ធអេកូឡូស៊ី នៅភ្នំគូលែន នេះបើតាមការឲ្យដឹងពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ច ក្នុងខេត្តនេះ រយ:ពេល ៣ថ្ងៃ ដែលបានបញ្ចប់នៅល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០កន្លងមកនេះ។

តាមការសិក្សារបស់ក្រសួងបរិស្ថាន បង្ហាញថា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម”ភ្នំគូលែន” មានសមត្ថភាពផ្គត់ផ្គង់ទឹកសាប និងទឹកក្រោមដីសម្រាប់ក្រុងសៀមរាប ជាពិសេសផ្តល់ជាប្រភពទឹកក្រោមដី សម្រាប់រក្សាលំនឹងប្រាសាទបុរាណក្នុងខេត្ត ដែលភាគច្រើនសាងសង់លើទម្រដីខ្សាច់។ ក្នុងនោះ ប្រជាពលរដ្ឋក្នុងក្រុងសៀមរាប ប្រើប្រាស់ទឹកក្រោមដីប្រមាណ៨០ភាគរយ ចំណែក ២០ភាគរយទៀត ផ្គត់ផ្គង់ដោយរដ្ឋាករទឹកខេត្តសៀមរាប។ ការប្រើប្រាស់ដ៏សន្ធឹកសន្ធាប់នេះ បានធ្វើឱ្យបរិមាណទឹកក្រោមដីមានការថយចុះ ដែលធ្វើឱ្យការជីកអណ្តូងពីមួយឆ្នាំទៅមួយឆ្នាំកាន់តែជ្រៅទៅៗ។
ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ភី អ៊ី អេស (PES) ជាយន្តការហិរញ្ញវត្ថុសំដៅដល់អ្នកប្រើប្រាស់សេវាកម្មប្រព័ន្ធអេកូឡូស៊ី ត្រូវបង់ថ្លៃជាសាច់ប្រាក់ដល់អ្នកដែលការពារប្រព័ន្ធអេកូឡូស៊ី ដើម្បីធានាដល់និរន្តរភាព នៃសេវាកម្មដែលផលិតដោយប្រព័ន្ធអេកូឡូស៊ីនៅតំបន់ណាមួយ។ គម្រោងនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រគល់ភារកិច្ចដល់ក្រសួងបរិស្ថានពិនិត្យ និងសិក្សា ជាមួយអ្នកពាក់ព័ន្ធ និងរៀបចំគោលនយោបាយ នៃការបង់ថ្លៃសេវាកម្មប្រព័ន្ធអេកូឡូស៊ីនេះ។
ឯកឧត្ដម បញ្ជាក់បន្ថែមថា អ្នកដែលត្រូវស្ម័គ្រចិត្ដបង់ពន្ធមានដូចជា អ្នកធ្វើអាជីវកម្មទឹកជាលក្ខណ:ពាណិជ្ជកម្ម រួមទាំងអ្នកផលិត និងចែកចាយផងដែរ។ ការបង់ថវិកាទៅលើការពារប្រព័ន្ធអេកូឡូស៊ីនេះ នឹងអនុវត្តនៅឧទ្យានជាតិភ្នំគូលែន ខេត្តសៀមរាប និងតំបន់ក្បាលឆាយក្នុងខេត្តព្រះសីហនុ។
ក្រៅពីគម្រោង ភី អ៊ី អេស (PES) ឯកឧត្ដមរដ្ឋលេខាធិការ បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចាំបាច់ត្រូវការពារ និងអភិរក្សប្រព័ន្ធអេកូឡូស៊ី នៅភ្នំគូលែន ដូចជាការទប់ស្កាត់ការបាត់បង់ព្រៃឈើ ការស្តារឡើងវិញនូវព្រៃឈើ និងប្រព័ន្ធទឹកធម្មជាតិដែលបាត់បង់ និងខូចមុខងារ ដោយទប់ស្កាត់ការបំពុលទឹកក្នុងស្ទឹង និងទឹកក្រោមដីផងដែរ។
គួរជម្រាបថា ឧទ្យានជាតិជ័យវរ្ម័ន នរោត្តមភ្នំគូលែននេះ មានផ្ទៃដីទំហំជិត៤០ម៉ឺនហិកតា (៣៧,៣៧៣ ហិកតា) មានប្រភពទឹកធំៗប្រមាណ ៥០ កន្លែង និងមានអាងស្តុកទឹកធំៗជាង១០កន្លែង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។