ប្រទេស​មាន​អ្នក​ឆ្លង​កូ​វីដ​ច្រើន លំដាប់​ទី​ពីរ​នឹង​ចាក់​វ៉ាក់សាំង កូ​វីដ​១៩​នៅ​ដើមខែ​មករា​ឆ្នាំ​២០២០

​សារព័ត៌មាន​ចិន​ស៊ីន​ហួរ នៅ​យប់​ថ្ងៃ​ចន្ទ ទី​២១ ខែធ្នូ ឆ្នាំ​២០២០​បាន​ផ្សាយ​ថា រដ្ឋមន្ត្រី​សុខាភិបាល​នៃ​ប្រទេស​ឥណ្ឌា លោក Harsh Vardhan នៅ​ថ្ងៃ​ចន្ទ​នេះ បានប្រកាស​ឲ្យ​ដឹងថា វ៉ាក់សាំង COVID-19 អាច​នឹង​មា​នៅក្នុង​ប្រទេស​របស់ខ្លួន នៅ​ខែមករា ឆ្នាំ​២០២១​។​

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​ក្នុងស្រុក​មួយ លោក Vardhan បានលើកឡើង​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​យល់ថា​នៅត្រឹម​ខែមករា ឆ្នាំក្រោយ នៅក្នុង​ដំណាក់កាល​ណាមួយ ឬ​សប្តាហ៍​ណាមួយ យើង​នឹង​អាច​ចាក់​វ៉ាក់សាំង COVID-19 ជូន​ដល់​ប្រជាជន​ឥណ្ឌា​ជាមិនខាន​»​។ ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​រូបនេះ​បាន​គូសបញ្ជាក់ថា «​អាទិភាព​របស់​រដ្ឋាភិបាល​គឺ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​របស់​វ៉ាក់សាំង​។ ប្រការ​នេះហើយ​ទើប យើង​មិន​ចង់​មានការ​សម្របសម្រួល​ណាមួយ​ឡើយ ហើយ​និយ័ត​ករ​ឱសថ​របស់​យើង ក៏​កំពុងធ្វើការ​វិភាគ​លើ​បេក្ខភាព​វ៉ាកសាំង​យ៉ាង​យកចិត្តទុកដាក់​បំផុត​ផងដែរ​»​។​

​គួរ​បញ្ជាក់ថា បច្ចុប្បន្ននេះ នៅ​ប្រទេស​ឥណ្ឌា មាន​បេក្ខភាព​វ៉ាក់សាំង COVID-19 សរុប​ចំនួន ៦ កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​ធ្វើតេស្ត​ខុសៗ​គ្នា​។ រដ្ឋាភិបាល​នៃ​ប្រទេស​នេះ បាន​ផ្តួចផ្តើម​រៀបចំ​កម្មវិធី​ចាក់​វ៉ាក់សាំង​ធំ​បំផុត មិន​ធ្លាប់មាន​នៅក្នុង​ប្រទេស​។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រទេស​ឥណ្ឌា​បាន​កត់ត្រា​ករណី​ឆ្លង​ជំងឺ COVID-19 សរុប​ចំនួន ១០,០៥៦,២៤៨ ករណី ក្នុងនោះ​មនុស្ស ១៤៥,៨៤៣ នាក់​បាន​ស្លាប់ និង​មនុស្ស​ច្រើនជាង ៩,៦ លាន​នាក់​បានជា​សះស្បើយ​ឡើងវិញ​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close