រថយន្ត បុកម៉ូតូ ស្លាប់ម្នាក់ភ្លាមៗ នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ បុរសម្នាក់ បានស្លាប់ភ្លាមៗ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូគ្នា កាលពីវេលាម៉ោងជាង៨យប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅផ្លូវជាតិលេខ៤ ភូមិអូរតាសេក ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយរថយន្ដធំ១គ្រឿង (មិនទាន់ស្គាល់ម៉ាក) បើកក្នុងទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ លុះដល់ចំណុចខាងលើ បានប៉ះជាមួយម៉ូតូ១គ្រឿង ម៉ាកWave ពណ៌ខ្មៅ គ្មានផ្លាកលេខ ទិសដៅផ្ទុយគ្នា បណ្តាលឲ្យភាគីម៉ូតូ ស្លាប់ម្នាក់តែម្តង។
ជនរងគ្រោះឈ្មោះ គីម សារី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅ ភូមិស្រែចាមក្រោម ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ស្លាប់នៅនឹងកន្លែង។ ក្រោយពេលកើតហេតុ ភាគីខាងរថយន្ត បានបើករត់គេចបាត់ ខណៈនេះសមត្ថកិច្ច កំពុងតែធ្វើការស្រាវជ្រាវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។