នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ចុះពិនិត្យតាមដានការចិញ្ចឹមត្រីប្រជាកសិករជាលក្ខណៈគ្រួសារ

ខេត្តកំពង់ធំ៖ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ លោក ហម ហ៊ុន នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ និងសហការី បានចុះពិនិត្យ តាមដាន និងណែនាំដល់កសិករចិញ្ចឹមត្រីក្នុងស្រះជាលក្ខណៈគ្រួសារ ដែលជាសមាជិកបណ្ដុំអាជីវកម្មចិញ្ចឹមត្រី សម្រស់មច្ឆាបុប្ផាសាន់គរ របស់កម្មវិធី(ASPIRE) នៅភូមិក្រសាំងក ឃុំសាន់គរ ស្រុកកំពង់ស្វាយ ។
ជាលទ្ធផលឃើញថា ត្រីរបស់ពួកគាត់មានការលូតលាស់ធំធាត់ជាមធ្យម ដោយសារការផ្ដល់ចំណីមិនបានគ្រប់គ្រាន់ និងគុណភាពមិនល្អ ។ក្នុងនោះដែរក្រុមការងារក៏បានណែនាំដល់កសិករអំពីការថែទាំ ការផ្ដល់ចំណី និងការជ្រើសរើសចំណីដែលមានគុណភាពល្អសមស្របតាមដំណាក់កាលលូតលាស់របស់ត្រីផងដែរ ។
បន្ទាប់មកទៀតក្រុមការងារក៏បានបន្ដចុះពិនិត្យទីតាំងដែលគ្រោងបង្កើតជាសហគមន៍ស្រះជម្រកត្រី នៅត្រពាំងភក់ ភូមិសំព័រ ឃុំចំណារក្រោម ស្រុកស្ទោង។ ព្រមទាំងបានបន្ដចុះពិនិត្យ និងលើកទឹកចិត្តដល់គណៈកម្មការគ្រប់ស្រះជម្រកត្រីសហគមន៍ ត្រពាំងឈូក ស្ថិតក្នុងឃុំសាន់គរ ស្រុកកំពង់ស្វាយ។ ក្នុងនោះដែរលោកនាយក៏បានណែនាំពីវិធីសាស្ត្រគ្រប់គ្រង ថែរក្សាធនធានជលផល វិធីសាស្ត្រគៀងគរថវិកាសម្រាប់ទ្រទ្រង់ស្រះសហគមន៍។
លោក ក៏បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួន ដល់គណៈកម្មការដើម្បីដំណើរការគ្រប់គ្រង និងប្រើប្រាស់ក្នុងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍសហគន៍អោយមានការរីកចំរើន ។សូមជម្រាបផងដែរថាសម្រាប់ខេត្តកំពង់ធំទាំងមូលមានសហគមន៍ស្រះជម្រកត្រីសរុបចំនួន ៥០សហគមន៍ និងគ្រោងបង្កើតថ្មីចំនួន០៥សហគមន៍ ក្នុងឆ្នាំ២០២១ខាងមុខនេះ ។
សហគមន៍ស្រះជម្រកត្រីគឺជាជង្រុកសម្រាប់ត្រីមេពូជដ៏សំខាន់ជាពិសេសនារដូវប្រាំង។ ហេតុនេះ សូមបងប្អូនប្រជាសហគមមន៍ទាំងអស់ ចូលរួមថែរក្សានូវធនធានទាំងអស់នេះអោយបានគង់វង្សសម្រាប់កូនចៅយើងជំនាន់ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។