ឯកឧត្តម វេ​ង សាខុន ចុះ​ពិនិត្យ​សកម្មភាព​របស់​ប្រជា​នេសាទ ដែល​កំពុង​មមាញឹក​ទិញ-លក់​ត្រី​ធ្វើ​ផ្អក ប្រហុក នៅ​ស្រុក​ពញា​ឭ

​ខេត្តកណ្តាល​៖ កាលពី​រសៀល ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ ម្សិលមិញ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អញ្ជើញ​ចុះ​ពិនិត្យ​សកម្មភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី កំពុង​មមាញឹក សស្រាក់សស្រាំ​ទិញ​ត្រី​ធ្វើ​ផ្អក ប្រហុក ត្រីងៀត និង​ត្រីឆ្អើរ ទុកជា​ស្បៀង​ប្រចាំឆ្នាំ នៅ​គន្លង​ដាយ​ត្រី​លេខ ១៣ ១៤ និង ១៥ (​កំពង់​ហ្លូ​ង​) ក្នុងស្រុក​ពញា​ឭ ខេត្តកណ្តាល​។

​ម្ចាស់​ដាយ​ត្រី បាន​ឲ្យ​ដឹងថា ថ្ងៃ​ដំបូង​ត្រី​ប្រហុក​ចុះ​ច្រើន ដាយ​លេខ ១៣ និង ១៤ លើក​ម្តងៗ​បាន​ប្រមាណ​ជា ១ ០០០​គ​.​ក្រ ហើយ ១​ម៉ោង​លើក​ម្តង​។ ដោយសារ​ថ្ងៃនេះ​ជា​ថ្ងៃទី​៣ ដែលមាន​សន្ទះ​ត្រី​ចុះ​បាន​គ្រាន់បើ ប្រសើរ​ជាង​ពីរ​ថ្ងៃ​ដំបូង​តម្លៃ​ត្រី​ប្រហុក​ហាក់​ខ្ពស់​បន្តិច​គឺមាន​តម្លៃ ៥ ០០០​រ​/​គ​.​ក្រ​។ ដោយឡែក ដាយ​លេខ ១៥ លើក​ម្តង​បាន​ប្រមាណ ជា ១ ០០០-១ ៥០០​គ​.​ក្រ ហើយ​តម្លៃ​ក៏​ល្អ​ជាង​គឺ ៣ ០០០​រ​/​គ​.​ក្រ​។

​តាម​ប្រសាសន៍​របស់​ឯកឧត្តម​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា បើ​គិត​ជា​ផល​ចាប់​ទឹកសាប​សរុប ក្នុងឆ្នាំនេះ អាចមាន​កម្រិត​ទាប​ជាង​ឆ្នាំកន្លងមក​ប្រមាណ ១៣% ដោយសារ​កម្ពស់​ទឹកជំនន់​ទន្លេមេគង្គ​ស្ថិតក្នុង​កម្រិត​ទាប​ហើយ​បានអូសបន្លាយ​ជាង​មួយខែ​។​

​បើ​យោងតាម​សេចក្តីរាយការណ៍​របស់​មន្ត្រីរដ្ឋបាល​ជលផល បាន​ឲ្យ​ដឹងថា កម្រិត​កំពស់​ទឹក​នៅ​ទីតាំង​ដាយ​ត្រី​នាពេល​បច្ចុប្បន្ន មាន​កំពស់​ខ្ពស់ជាង​ឆ្នាំ​២០១៩ ចំនួន​មួយ​ម៉ែត្រ​នៅឡើយ ហើយ​ល្បឿន​នៃ​ទឹក​ហូរ​វិញ​ក៏មាន​សភាព​ហូរ​ខ្លាំង​ល្អ ដែលជា​ក្តី​សង្ឃឹមថា​នៅ​ខ្នើត​ក្រោយ​អាចមាន​ត្រី​បន្ត​ចេញពី​ទន្លេសាប​បន្តទៀត​។

​តែ​ទោះជា​យ៉ាងណា តាម​លក្ខណ​បច្ចេកទេស រួមទាំង​វិសាលភាព​នៃ​ទឹកជំនន់​ក្នុង​បឹង​ទន្លេសាប ការប្រែប្រួល​អាកាសធាតុ រដ្ឋបាល​ជលផល​បាន​ព្យាករណ៍​ផល​ចាប់​សរុប​តាម​ដាយ​ត្រី​សម្រាប់​ឆ្នាំនេះ​អាច​ទាប​ជាង​ឆ្នាំ​២០១៩ ប្រហែលជា ៣១% ពី ១៤ ៣២០​តោន មក​នៅត្រឹម ៩ ៩០០​តោន នា​ឆ្នាំនេះ​។ ចំពោះ​ផល​នេសាទ​ក្នុង​ដែន​នេសាទ​នា​ឆ្នាំ​២០១៩ មាន​ចំនួន ៣២៦ ៥០០​តោន ហើយ​ឆ្នាំ​២០២០ មាន​ចំនួន​២៦៨ ០០០​តោន​។

​ទន្ទឹមនឹងនេះ ផល​ដែល​ទទួលបាន​ពី​ការធ្វើ​វារីវប្បកម្ម​មានការ​កើនឡើង​ប្រមាណ ៣០% បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន ៣០៧ ៤០៨​តោន និង​ឆ្នាំនេះ​អាច​ទទួលបាន​ចំនួន ៤០០ ៤០០​តោន​។ តួលេខ​នេះ បាន​បញ្ចាក់​យ៉ាងច្បាស់​ថា​អនុវិស័យ​វារីវប្បកម្ម​បាននិងកំពុង​បំពេញ​តួនាទី​យ៉ាងសំខាន់ៗ​ក្នុងការ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក ជំនួស​ឲ្យ​ផល​នេសាទ​ដាយ​ត្រី និង​ផល​នេសាទ​ក្នុង​ដែន​នេសាទ ស្របតាម​បំណងប្រាថ្នា​របស់​សម្តេច​តេ​ជោ គឺ​ត្រូវ​ជំរុញ​ផលិតកម្ម​ស្បៀង​តាមរយ​:​ការចិញ្ចឹម​ត្រី​ជា​លក្ខណ​គ្រួសារ​។
​ឯកឧត្តម​រដ្ឋមន្ត្រី បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មក​ធ្វើ​ផ្អក និង​ប្រហុក​ឲ្យ​បាន​ច្រើន​នៅ​ខ្នើត​នេះ និង​ខ្នើត​បន្ទាប់ ក្នុងអំឡុង​ខែមករា​ខាងមុខនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close