ពលរដ្ឋ​ជាង ៤០០​គ្រួសារ រស់​នៅតាម​ដងស្ទឹង​សៀមរាប ស្ម័គ្រចិត្ត​រុះរើ​សំណង់​ទៅ​នៅ​ទីតាំង​ថ្មី​

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ទីតាំង និង​ការរៀបចំ​ដីធ្លី​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​លើដី​ចំណី​ស្ទឹង​តាម​បណ្តោយ​ស្ទឹង​សៀមរាប ចាប់ពី​ស្ពាន​នាគ​រហូតដល់​ស្ពាន​អង្គរ ដែល​ស្ថិតក្នុង​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប បាន​ស្ម័គ្រចិត្ត​រុះរើ​សំណង់​នៅតាម​បណ្តោយ​ស្ទឹង​សៀមរាប​។

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ថា បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្វើការ​ផ្លាប់​ប្តូរ​ទីតាំង​នេះ ទទួលបាន​គោលនយោបាយ​ដី​ទំហំ ២០​ម៉ែត្រ​គុណ​នឹង ៣០​ម៉ែត្រ ដែល​ស្ថិត​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី​។ ជាមួយគ្នា​នឹង​ការចុះពិនិត្យ​ទីតាំង​នេះ ឯកឧត្តម អភិបាលខេត្ត​បាន​ណែនាំ​ដល់​ក្រុមការងារ​បច្ចេកទេស​ត្រូវ​ធ្វើការ​បោះបង្គោល​ព្រំ​ឱ្យបាន​ត្រឹមត្រូវ ប្រព័ន្ធ​ទឹក ភ្លើង និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​សមស្រប​ទៅតាម​តម្រូវ​របស់​បងប្អូន​ប្រជាពលរដ្ឋ​។

​ក្នុង​ការទទួល​គោលនយោបាយ​នេះ បងប្អូន​ប្រជាពលរដ្ឋ​មានការ​សប្បាយ​ចិត្តនឹង​ការទទួលយក​គោលនយោបាយ​នេះ និង​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការយកចិត្ត​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​បានគិត​គូរ​ដល់​ប្រជាពលរដ្ឋ​។ ជាមួយគ្នានេះ ដោយ​ស្ថានភាព​បច្ចុប្បន្ន​ដែល​កំពុង​ធ្វើឱ្យ​វិបត្តិ​សេដ្ឋកិច្ច​មានការ​ធ្លាក់ចុះ បងប្អូន​ប្រជាពលរដ្ឋ​ក៏បាន​សំណូមពរ​ដល់​រដ្ឋបាល​ជួយ​ក្នុង​ការរុះរើ និង​ដឹកជញ្ជូន​សំណង់​របស់​ពួកគាត់​មក​ទីតាំង​ថ្មី​។​

​សម្មភាព​នេះ គឺជា​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក្នុងការ​អភិវឌ្ឍ​ខេត្តសៀមរាប​តាមរយៈ​ការផ្តល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ចំនួន ៣៨​ខ្សែ និង​ការស្តារ​ស្ទឹង​សៀមរាប​ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ដើម្បី​លើកកម្ពស់​សោភ័ណភាព​ក្រុង​សៀមរាប​ឱ្យ​ស័ក្ក​សមជា​ទីក្រុង​វៃឆ្លាត​នាពេលខាងមុខ​។ ម្យ៉ាងទៀត ក៏​ជាការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យមក​ទស្សនា​ឱ្យបាន​ច្រើន​កុះករ​បន្ទាប់ពី​កូ​វីដ​បាន​ចប់​។​

​រដ្ឋបាលខេត្ត​សៀមរាប​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ ចំពោះ​កាយវិកា ចូលរួម​របស់​ប្រជាពលរដ្ឋ​ក្នុងការ​អភិវឌ្ឍន៍​ខេត្តសៀមរាប​ឱ្យមាន​សោភ័ណភាព និង​ក្លាយជា​ទីក្រុង​វ័យឆ្លាត​នាពេល​អនាគត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close