អាសូរ​ណាស់​! ក្មេងប្រុស​ស្រី​២​នាក់ ប្រទះឃើញ​លង់ទឹក​ស្លាប់​

​បន្ទាយមានជ័យ​៖ ក្មេងប្រុស​-​ស្រី​ចំនួន​០២​នាក់ អាយុ​៥​ឆ្នាំ និង​ម្នាក់ទៀត​អាយុ​៦​ឆ្នាំ បាន​លង់ទឹក​ស្លាប់ បន្ទាប់ពី​សុំ​ម្តាយ​ទៅ​មុជទឹក​លេង​។ ករណីនេះ បានកើត​ឡើង​រសៀល ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ចំណុច​ក្លង​ជិ​ក​(​អូរ​ធំ​) ក្នុងភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ក្មេងរងគ្រោះ​ទាំង​២​នាក់ ឈ្មោះ ម៉ៅ ដាវ ភេទ​ប្រុស អាយុ​០៥​ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ វ៉ង់ វិ​ដា ភេទ​ស្រី អាយុ​០៦​ឆ្នាំ​។ ក្មេង​ទាំង​០២​នាក់ ជា​បងប្អូន​ជីដូនមួយ​និង​គ្នា រស់នៅ​ភូមិ​រស្មី​សាមគ្គី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​មុនពេល​កើតហេតុ ក្មេង​ទាំង​២​នាក់ បាន​សុំ​ម្តាយ​ទៅ​ចុះ​ងូតទឹក​លេង លុះ​មួយសន្ទុះ​ក្រោយមក ឃើញ​ក្មេងរងគ្រោះ​ទាំង​០២​នាក់ បាន​ឡើង​មកវិញហើយ រួច​ចូល​ងូតទឹក​អាង​នៅក្នុង​ផ្ទះ​។ ក្រោយមក ស្រាប់តែ​បាត់មាត់​ក្មេង​ទាំង​២​នាក់​នោះ ម្តាយ​ក៏​ដើរទៅ​រកតែ​មិនឃើញ ស្រាប់តែ​ឃើញ​ខោអាវ​នៅ​មាត់​អូរ គាត់​បាន​ចុះ​រាវ​មើល ក៏​ប្រទះឃើញ​កូនស្រី និង​ក្មួយប្រុស លង់ទឹក​ស្លាប់​បាត់ទៅហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close