អគារទីស្ដីការក្រសួងសាធារណការថ្មី គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខែមករា ឆ្នាំ២០២១ ខាងមុខ
ភ្នំពេញ៖ កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងប្រចាំសប្ដាហ៍តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយដោយមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួង។
កិច្ចប្រជុំនេះផ្ដោតជាសំខាន់លើការត្រៀមរៀបចំផ្លាស់ប្ដូរទៅទីស្ដីការក្រសួងថ្មី និងការស្វែងរកដំណោះស្រាយបញ្ហាមួយចំនួនដែលថ្នាក់ដឹកនាំបានជួបប្រទះអំឡុងពេលអនុវត្តការងាររបស់ខ្លួន និងមិនទាន់អាចដោះស្រាយបាន សំដៅសម្រួលការងារឱ្យមានភាពសាមញ្ញ និងកាន់តែរីកចម្រើនទៅមុខ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំផងដែរថា ក្រសួងនឹងប្ដូរទៅអគារទីស្ដីការក្រសួងថ្មីនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ខាងមុខ តាមសេចក្ដីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន លេខ០៥៤ សក.រប.សជណ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០។
គួរកត់សម្គាល់ផងដែរថា អគារទីស្ដីការក្រសួងថ្មីនេះ មានទីតាំងស្ថិតនៅផ្លូវលេខ៥៩៨ (ផ្លូវឯកឧត្ដម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ គ្រោងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមករា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថា ការផ្លាស់ប្ដូរទីស្ដីការក្រសួងទៅកាន់ទីតាំងថ្មីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីប្រមូលផ្ដុំអង្គភាពក្រោមឱវាទក្រសួងទាំងអស់ឱ្យស្ថិតនៅទីតាំងតែមួយ ដែលមានទីធ្លាធំទូលាយ ឆ្លើយតបទៅតាមទំហំការងារនាពេលបច្ចុប្បន្ន ឆ្លុះបញ្ចាំងចក្ខុវិស័យនាពេលអនាគត ជាពិសេសទីតាំងថ្មីនេះជួយសម្រួលដល់លំហូរការងារប្រចាំថ្ងៃរបស់មន្ត្រីគ្រប់ជាន់ថ្នាក់បានកាន់តែល្អ ប្រសើរ និងផ្ដល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដែលស្វែងរកសេវាសាធារណៈចាំបាច់នៅក្រសួងសាធារណការ និងដឹកជញ្ជូន។
លើសពីនេះទៀត ឯកឧត្ដមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងបាន និងកំពុងអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីសហការគ្នារៀបចំកម្មវិធីបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រទាក់ទងនឹងផ្លូវថ្នល់ និងស្ពានដល់កូនខ្មែរឱ្យក្លាយទៅជាវិស្វករនៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស របស់ក្រសួង ព្រមទាំងបានជំរុញឱ្យក្រុមការងារចំពោះកិច្ចពិនិត្យលទ្ធភាពដំណើរការកម្មវិធីបណ្ដុះបណ្ដាលចាប់ពីខែមករា ឆ្នាំ២០២១ នេះតទៅ ក្នុងការចូលរួមលើកកម្ពស់សមត្ថភាពកូនខ្មែរឱ្យកាន់តែខ្ពស់ត្រដែតលើឆាកអន្តរជាតិ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលគឺ៖ មនុស្ស ផ្លូវ ភ្លើង ទឹក។
ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីវឌ្ឍភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅទូទាំងប្រទេស ជាពិសេស វឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវ៣៨ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឱ្យថ្នាក់ដឹកនាំនិងមន្ត្រីទាំងអស់បានចូលរួមសហការគ្នាក្នុងភាពជាម្ចាស់លើការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព និងគុណភាពខ្ពស់។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានជម្រាបជូនផងដែរថា ក្រសួងបានទិញ និងស្នើសុំគ្រឿងចក្រទំនើបៗពីក្រុមហ៊ុនសៀងហៃ ដើម្បីចែកជូនតាមបណ្ដាមន្ទីររាជធានី-ខេត្តទាំង២៥ និងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង សំដៅផ្ដល់លទ្ធភាពឱ្យបានគ្រប់គ្រាន់ក្នុងការកសាង ជួសជុល ថែទាំ និងលើកកម្ពស់គុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពាននៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។