អ្នក​ឆ្លង​កូ​វីដ​១៩ នៅ​អាមេរិក​បន្ត​កើនឡើង​ដដែល​ក្នុង​រយៈពេល​២៤​ម៉ោង​ស្លាប់ ៣,៤០១​នាក់ និង ២៣​ម៉ឺន​នាក់​ឆ្លង​ថ្មី​

បើតាម​ការដកស្រង់​ទិន្នន័យ ចេញពី​គេហទំព័រ Worldometers នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ ខែធ្នូ ឆ្នាំ​២០២០ ករណី​ឆ្លង និង​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ COVID-19 នៅ​ទូទាំង​សហរដ្ឋអាមេរិក នៅតែ​បន្ត​ស្ថិតក្នុង​កម្រិត​អាក្រក់​បំផុត​ដដែល ដោយ​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លងទៅនេះ មនុស្ស​សរុប ២៣២,៣៤២​នាក់​ទៀត​បាន​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ ខណៈ​អ្នកជំងឺ ៣,៤០១​នាក់​ទៀត​ឯណោះ​បាន​ស្លាប់ នៅក្នុង​រយៈពេល​ដូចគ្នា​។​

​ក្រោយ​ការ​បូកសរុប​ទិន្នន័យ​បន្ថែម​ខាងលើនេះ នាំ​ឲ្យ​ចំនួន​ករណី​ឆ្លង COVID-19 សរុប​នៅ​ទូទាំង​សហរដ្ឋអាមេរិក​កើនឡើង​ដល់ ១៨,៩១៧,១៥២​ករណី ក្នុងនោះ​មាន​អ្នកស្លាប់​សរុប​ចំនួន ៣៣៤,២១៨​នាក់ និង​ជាសះស្បើយ​ឡើង​សរុប​ចំនួន ១១,១០១,៨៦៦​នាក់​។ ចំពោះមុខ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង និង​បុណ្យ​ណូអែល​ខិតជិត​មកដល់ ក្រុម​អ្នកជំនាញ​បាន​រំពឹង​ទុកជាមុន​ថា អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ​រាតត្បាត​សកល (COVID-19) នឹង​បន្ត​កើនឡើង​ខ្លាំង​បន្ថែមទៀត​

​គួរ​បញ្ជាក់ថា សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម ធ្វើ​ការចាក់​វ៉ាក់សាំង COVID-19 ជា​បណ្តើរៗ​ហើយ ទៅលើ​បុគ្គលិក​សុខាភិបាល​ជួរមុខ និង​មនុ​ស្សវ័យ​ចំណាស់ ដែល​ងាយ​រងគ្រោះ​បំផុត ដោយសារតែ​ការឆ្លង​រាតត្បាត COVID-19​។ ដោយឡែក​លោក ចូ បៃ​ដិ​ន ដែល​នឹងត្រូវ​ស្បថ​ឡើងកាន់តំណែង ជា​ប្រធានាធិបតី​នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១ ក៏​ធ្លាប់​បានលើកឡើង​ដែរ​ថា លោក​នឹង​ប្រើពេល ១០០​ថ្ងៃ ដើម្បី​ទប់ទល់​ការឆ្លង​រាតត្បាត​វីរុស​កូ​រ៉ូ​ណា ក្នុងនោះ​មានដូចជា​ការតម្រូវ ឲ្យ​ពាក់​ម៉ាស​ទូទាំងប្រទេស​ជាដើម​៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close