រដ្ឋមន្ត្រី​ទេសចរណ៍ បើក​កិច្ចប្រជុំ ត្រៀមលក្ខណៈ​អនុវត្ត​ផែនទី​ចង្អុល​ផ្លូវ ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩

​ភ្នំពេញ​៖ នា​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​ដឹកនាំ​ប្រជុំ​ក្រុមការងារ​ជំនាញ ដើម្បី​ត្រៀមលក្ខណៈ​អនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩​។​

​សូមជម្រាបថា ក្រសួងទេសចរណ៍​បានរៀបចំ​សេចក្តីព្រាង​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ឆ្នាំ​២០២០-២០២៥ រួចហើយ ដែល​ផែនទី​ចង្អុល​ផ្លូវ​នេះ​ចែកចេញជា ០៣​ដំណាក់កាល​៖
​ដំណាក់កាល​ទី​១៖ ការគ្រប់គ្រង​វិ​ប​តិ្ត​ក្នុងដំណាក់កាល​ទម្លាប់​ថ្មី (New Normal) និង​ការរៀបចំ​ផែនការ​ស្តារឡើងវិញ (២០២០-២០២១)
​ដំណាក់កាល​ទី​២៖ ការស្តារ​ឡើងវិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្រោយ​វិបត្តិ​កូ​វីដ​-១៩ (២០២២-២០២៣)
​ដំណាក់កាល​ទី​៣៖ ការរៀបចំ​ឆ្ពោះទៅកាន់​អនាគត​ថ្មី​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា (២០២៤-២០២៥)

​សេចក្តីព្រាង​ផែនទី​ចង្អុល​ផ្លូវ​នេះ​បានដាក់​ឆ្លង​កិច្ចប្រជុំ​គណៈកម្មាធិការ​ជាតិ​អ​វិ​ឌ្ឍ​ន៍​ទេសចរណ៍ និង​បានទទួល​ការគាំទ្រ​ពី​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​គ្រោង​នឹងដាក់​ឆ្លង​កិច្ចប្រជុំ​ចុងក្រោយ​របស់​គណៈកម្មាធិកា​រ​ជាតិ​អ​វិ​ឌ្ឍ​ន៍​ទេសចរណ៍ និង​ដាក់​ឆ្លង​រាជរដ្ឋាភិបាល​នាពេល​ឆាប់ៗ​ខាងមុខនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close