ក្រសួងទេសចរណ៍ ទទួលបាន​សម្ភារ​បរិ​ក្ខា​រ​ប្រឆាំង​មេរោគ​កូ​វីដ​១៩ ពី​ក្រុមហ៊ុន ឆាយ វ៉ាង Sakkin Water

​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បានទទួល​សម្ភារ​បរិ​ក្ខា​រ​មួយចំនួន មានដូចជា​ទឹក​សម្លាប់​មេរោគ​ម៉ាក Sakkin Water ឧបករណ៍​សម្លាប់​មេរោគ​ក្នុង​បរិយាកាស ទូ​សម្លាប់​មេរោគ និង​ម៉ាស៊ីន​វាស់​កម្តៅ និង​លាងដៃ​ដោយ​ស្វ័យប្រវត្តិ​ពី​ក្រុមហ៊ុន ឆាយ វ៉ាង Sakkin Water សម្រាប់​ប្រើប្រាស់​តាម​ការចាំបាច់ ក្នុងការ​ចូលរួម​បង្ការ​ទប់ស្កាត់​មេរោគ​ផ្សេងៗ ពិសេស​នៅក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ការទទួល​សម្ភារ​បរិ​ក្ខា​រ​ខាងលើនេះ ធ្វើឡើង​ក្នុងជំនួប​រវាង​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋ​ម​មន្ត្រី​ក្រសួងទេសចរណ៍ ជាមួយ​លោក​ឧកញ៉ា តាំង គួ​ង នា​ព្រឹក​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​ក្រុមហ៊ុន ដែល​បាន​ផលិត​ទឹក​សម្លាប់​មេរោគ​ប្រកបដោយ​ស្តង់ដា និង​គុណភាព​ខ្ពស់​នៅ​កម្ពុជា ដែលជា​ការចូលរួមចំណែក​ដល់​ការការពារ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ និង​មេរោគ​នានា​។​

​លោក​ឧកញ៉ា តាំង គួ​ង បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន ចំពោះ​ការគាំទ្រ​ដល់​ផលិតផល​របស់​ក្រុមហ៊ុន ដែល​លោក​តែងតែ​គិតគូរ​ដល់​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ និង​ការជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព​។​

​នាឱកាស​នោះ ក្រុមហ៊ុន​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​ក្រសួងទេសចរណ៍​នូវ​ទូ​សម្លាប់​មេរោគ ១ គ្រឿង ម៉ាស៊ីន​សម្លាប់​មេរោគ​ក្នុង​បរិយាកាស ៥ គ្រឿង ម៉ាស៊ីន​វាស់​កម្តៅ និង​លាងដៃ​ដោយ​ស្វ័យប្រវត្តិ ១ គ្រឿង ទឹក​សម្លាប់​មេរោគ​ចំណុះ ១០០ មី​លី​លីត្រ ៤៨០ ដប ទឹក​សម្លាប់​មេរោគ​ចំណុះ ៥០០ មី​លី​លីត្រ ២៤ ដប ទឹក​សម្លាប់​មេរោគ​សម្រាប់ Refill ចំណុះ ១០ លីត្រ ៣០ ប្រអប់ ដើម្បី​ប្រើប្រាស់​តាម​ការចាំបាច់​ក្នុងការ​ចូលរួម​បង្ការ​ទប់ស្កាត់​មេរោគ​ផ្សេងៗ ពិសេស​នៅក្នុង​ដំណាក់កាល​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​។​

​លោក​ឧកញ៉ា តាំង គួ​ង បាន​បញ្ជាក់ថា ទឹក​សម្លាប់​មេរោគ​ម៉ាក Sakkin Water ត្រូវបាន​ផលិតឡើង​ដោយ​បច្ចេកវិទ្យា​ចុងក្រោយបង្អស់​របស់​ប្រទេស​ជប៉ុន ជា​ផលិតផល​ធម្មជាតិ (Organic) ងាយស្រួល​ប្រើ គ្មាន​សារធាតុ​អាល់កុល មិន​ប៉ះពាល់​សុខភាព​មនុស្ស សត្វ និង​បរិស្ថាន និង​អាច​សម្លាប់​មេរោគ​បាន​រហូតដល់ ៩៩.៩៩% ក្នុង​រយៈពេល​ពី ១៥-៣០ វិនាទី អាច​ប្រើប្រាស់​សម្លាប់​មេរោគ និង​បំបាត់​ក្លិន​ដោយ​បាញ់​លើ​ដៃ ផ្ទៃមុខ និង​អាច​ប្រើប្រាស់​ជាមួយ​ម៉ាស៊ីន​សម្លាប់​មេរោគ​ក្នុង​បរិយាកាស ដើម្បី​បន្សុទ្ធ​ខ្យល់ សម្លាប់​មេរោគ មេរោគ​បង្ក​ជំងឺ និង​បាក់តេរី​ផ្សេងៗ ហើយ​វា​ក៏​ជួយ​កម្ចាត់​ក្លិន​មិនល្អ ដូចជា​ក្លិន​បារី ក្លិន​ផ្សែង និង​ក្លិន​បាក់តេរី​ផ្សេងៗ ដែល​ផ្តល់​មកវិញ​នូវ​បរិយាកាស​បរិសុទ្ធ ព្រមទាំង​ជួយ​បន្សាប​អាឡែកហ្ស៊ី និង​សម្រួល​ផ្លូវដង្ហើម​ដល់​ទារក ស្ត្រី​មាន​ផ្ទៃពោះ និង​មនុស​ចាស់​ផងដែរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close