ក្រសួងសុខាភិបាលកម្ពុជា ច្រានចោលការចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាម មានចំណងជើងថា បុរសម្នាក់ចូលវៀតណាមខុសច្បាប់ពីកម្ពុជា តេស្តវិជ្ជមានកូរ៉ូណាថ្មី

ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុង នូវការចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាមឈ្មោះ VN Express International ដែលបានសរសេរដោយឈ្មោះ Cuu Long – Phuoc Tuan និងចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៥:៣០ pm (GMT +7) ដែលមានចំណងជើងថា បុរសម្នាក់ចូលវៀតណាមខុសច្បាប់ពីកម្ពុជា តេស្តវិជ្ជមានកូរ៉ូណាថ្មី (Man illegally entering Vietnam from Cambodia tests positive for novel coronavirus) ដោយហេតុផល ដូចតទៅ៖

១. តាមការឆែកនៅគ្រប់ច្រកចូលពីប្រទេសថៃ ដែលកម្ពុជាកំពុងតែគ្រប់គ្រងពលករខ្មែរនិងអ្នកដំណើរចូលកម្ពុជាដោយហ្មត់ចត់នៅតាមបណ្តាខេត្តដែលមានច្រកតាមព្រំដែនថៃ គឺមិនមានបុរសជនជាតិវៀតណាមឈ្មោះនេះ ដែលឆ្លងចូលមកកម្ពុជា នៅថ្ងៃទី២៣ និង២៤ ខែធ្នូ រួមទាំងច្រកបាវិតនៅខេត្តស្វាយរៀងផងដែរ ក៏មិនមានករណីបុរសជនជាតិវៀតណាមនេះឆ្លងចេញពីកម្ពុជាដែរ។
២. បុរសនេះ ជាជនជាតិវៀតណាម តែបែរជាដាក់ថា ចូលវៀតណាមខុសច្បាប់ទៅវិញ។ តើនេះជាបែប វៀតណាមចូលស្រុកខ្លួនវិញខុសច្បាប់ដែរមែនទេ?
៣. បុរសជនជាតិវៀតណាមរូបនេះ មានឪពុកម្តាយនៅខេត្តវិញឡុង ដែលពួកគាត់ រួមជាមួយប៉ូលីសម្នាក់និងបុគ្គលិកសុខាភិបាល ៤នាក់ទៀត ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅមជ្ឈមណ្ឌលវេជ្ជសាស្តស្រុកម៉ាងធីត (The Mang Thit District Medical Center)។
៤. នៅក្នុងអត្ថបទនេះ បានបញ្ជាក់រួចហើយថា បុរសឈ្មោះ Le Thuc Tri អាយុ ៣២ឆ្នាំ ដែលតេស្តវិជ្ជមានដោយវិទ្យាស្ថានប៉ាស្ទ័រទីក្រុងហូជីមិញ មិនទាន់មានការបញ្ជាក់ពីក្រសួងសុខាភិបាលវៀតណាមថាមានវីរុសកូវីដ-១៩ នោះទេ។
៥. បុរសជនជាតិវៀតណាមរូបនេះ បានធ្វើដំណើរមកពីប្រទេសភូមា មកប្រទេសថៃតាមឡានដឹកទំនិញ (Truck) នៅថ្ងៃទី១៥ ខែធ្នូ ហើយស្នាក់នៅប្រទេសថៃរហូតដល់ថ្ងៃទី២២។ បន្ទាប់មក បុរសនេះរួមដំណើរជាមួយបុគ្គល ៦នាក់ផ្សេងទៀត ជិះឡានដឹកទំនិញមកកម្ពុជា នៅថ្ងៃទី២៣ ហើយបានឆ្លងកាត់ច្រកព្រំដែនចូលខេត្តតៃនិញ នៅថ្ងៃទី២៤ និងបន្តទៅទីក្រុងហូជីមិញតាមរថយន្តក្រុង ទៅវិញឡុង ទៅផ្ទះម្តាយគាត់នៅទីនោះ ដែលម្តាយគាត់រាយការណ៌ទៅអាជ្ញាធរនិងដាក់បុរសនេះធ្វើចត្តាឡីស័ក នៅថ្ងៃទី២៤។
៦. ដូច្នេះ ការចុះផ្សាយរបស់សារព័ត៌មានវៀតណាមខាងលើ ដែលថាបុរសជនជាតិវៀតណាម ឆ្លងចូលវៀតណាមខុសច្បាប់ពីកម្ពុជាមានវីរុសកូរ៉ូណាថ្មីនោះ គឺមិនត្រឹមត្រូវឡើយ ហើយក្រសួងសុខាភិបាលកម្ពុជា សូមច្រានចោលទាំងស្រុងនូវព័ត៌មានចុះផ្សាយមិនត្រឹមត្រូវរបស់សារព័ត៌មានវៀតណាមឈ្មោះ VN Express International ដែលបានចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៥:៣០ pm (GMT +7) នេះ។ ក្រសួង ស្នើសុំឲ្យភាគីវៀតណាមគោរពក្រមសីលធ៌មវិជ្ជាជីវៈឲ្យបានត្រឹមត្រូវ និងឲ្យមានការសហការគ្នាល្អក្នុងការផ្តល់ព័ត៌មានឲ្យបានត្រឹមត្រូវ មុននឹងមានការចុះផ្សាយជាសាធារណៈ ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូរ កិច្ចសហប្រតិបត្តិការល្អ និងមានភាពត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល។ នេះបើតាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។