លោក​ត្រាំ ព្រម​ចុះហត្ថលេខា​ង​លើ​មូល​និ​ធី​ដំណើរការ​រដ្ឋា​ភី​បាល និង​កូ​វីដ​១៩

ក្រោយ​រយៈពេល​ជាច្រើន​ថ្ងៃ​លោក​ត្រាំ មិន​ព្រម​ចុះហត្ថលេខា​លើង​ច្បាប់​ចំណាយ​ថវិកា បើទោះបី​សភា​និង​ព្រឹទ្ធសភា​បានអនុម័ត​ហើយ​ក្តី​។ នៅ​ព្រឹក​ថ្ងៃទី​២៨​ខែធ្នូ​នេះ លោក​ត្រាំ បាន​ព្រម​ចុះហត្ថលេខា​លើ​កញ្ចប់​ថវិកា «២.៣​ទ្រី​លាន​ដុល្លារ​» ដើម្បី​បញ្ចៀស​ការបិទ​រដ្ឋាភិបាល​។​

​សារព័ត៌មាន​រ៉​យ​ទ័​រ​បាន​ដកស្រង់​ការប្រកាស​ពី​សេត​វិមាន នៅ​ថ្ងៃទី ២៨​ខែធ្នូ​បាន​បញ្ជាក់ថា ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​ចុះហត្ថលេខា ដើម្បី​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​កញ្ចប់​ថវិការ ២.៣​ទ្រី​លាន​ដុល្លារ​សម្រាប់​ដោះស្រាយ​វិបត្តិ COVID-19 និង​កញ្ចប់​ថវិកា​លើ​ការចំណាយ​របស់​រដ្ឋាភិបាល ដើម្បី​បញ្ចៀស​ការបិទ​ដំណើរការ​រដ្ឋាភិបាល និង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​អាមេរិក ដែល​កំពុង​គ្មាន​ការងារ​ធ្វើ​។​

​បើតាម​សេត​វិមាន​លោក ដូ​ណា​ល់ ត្រាំ ដែល​នឹងត្រូវ​ដើរ​ចេញពី​សេត​វិមាន នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២១​ខាងមុខនេះ បាន​ចុះហត្ថលេខា​លើ​ច្បាប់​កញ្ចប់​ថវិការ​ខាងលើ នៅឯរ​ម្មណី​យ​ដ្ឋា​ន ម៉ា​អា​ឡា​ហ្គោ (Mar-a-Lago) ក្នុង​រដ្ឋ​ផ្ល័​រ​រី​ដា​នៅ​ថ្ងៃអាទិត្យ ពោលគឺ​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ មុននឹង​រដ្ឋាភិបាល​អាមេរិក ត្រូវ​បិទ​ដំណើរការ​ផ្នែក​ខ្លះ​របស់ខ្លួន​។​

លោក ដូ​ណា​ល់ ត្រាំ បាន​ពន្យារពេល​ចុះហត្ថលេខា​ជា​បន្តបន្ទាប់ លើ​ច្បាប់​ស្ដីពី​កញ្ចប់​ថវិកា​ដោះស្រាយ​វិបត្តិ COVID-19 ដោយសារតែ​លោក​យល់ថា កញ្ចប់​ថវិកា​នេះ​មាន​ទំហំ​តិចតួច​ពេក​។ ភ្លាមៗ​មិនទាន់មាន​ការបញ្ជា​ក់ថា តើ​ហេតុអ្វី​បានជា​លោក ដូ​ណា​ល់ ត្រាំ កែប្រែ​ចិត្ត​ចុះហត្ថលេខា​លើ​ច្បាប់​នេះ​វិញ​នោះទេ ខណៈ​រូបលោក​ផ្ទាល់​កំពុង​សម្រាកលំហែរ​កាយ នៅឯ​ក្លឹប​វាយ​កូន​ហ្គោល​នៃរ​ម្មណី​យ​ដ្ឋា​ន Mar-a-Lago របស់លោក និង​មិនបាន​បង្ហាញ​មុខជា​សាធារណៈ​ឡើយ ។​

​គួរ​បញ្ជាក់ថា កាលពី​សប្ដាហ៍​មុន​សភា​ទាំងពីរ​របស់​សហរដ្ឋ​អាមេរិក បានអនុម័ត​លើ​ច្បាប់​កញ្ចប់​ថវិកា ២.៣​ទ្រី​លាន​ដុល្លារ ក្នុងនោះ​មាន​ជិត ៩០០​ពាន់​លាន​ដុល្លារ​សម្រាប់​ដោះស្រាយ​វិបត្តិ COVID-19 និង​កញ្ចប់​ថវិកា​លើ​ការចំណាយ​របស់​រដ្ឋាភិបាល ១.៤​ទ្រី​លាន​ដុល្លារ​។ ទោះជា​យ៉ាងណា លោក ត្រាំ យល់ថា កញ្ចប់​ថវិការ​ដោះស្រាយ​វិបត្តិ COVID-19 ចំនួន ៩០០​ពាន់​លាន​ដុល្លារ ដែល​ប្រជាជន​អាមេរិក​គ្មាន​ការងារ​ធ្វើ​ទទួលបាន ៦០០​ដុល្លារ​ក្នុង​ម្នាក់ នោះ​គឺ​តិចតួច​ពេក ដោយ​លោក​ស្នើឱ្យ​ផ្ដល់ឱ្យ​ពួកគេ ២,០០០​ដុល្លារ​ក្នុង​ម្នាក់ៗ​៕

​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close