កូនសត្វផ្សោតអ៊ីរ៉ាវ៉ាឌី ១ក្បាលថ្មី ត្រូវបានកត់ត្រា នៅក្នុងទីជម្រកនៃទន្លេមេគង្គ
ក្រចេះ៖ ក្រុមអ្នកជំនាញ មកពីរដ្ឋបាលជលផលនៃរាជរដ្ឋាភិបាលកម្ពុជា និងអ្នកវិទ្យាសាស្ត្រនៃអង្គការ WWF កាលពីថ្ងៃទី២៥ ខែធ្នូ បានថតរូបកូនសត្វផ្សោត ដែលទើបនឹងកើតថ្មី ខណៈពេលដែលកូនសត្វផ្សោតមួយក្បាលនេះ កំពុងហែលជាមួយសត្វផ្សោតពេញវ័យចំនួន ៧ក្បាលផ្សេងទៀត នៅទីតាំងកាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

កាំពី ជាអន្លង់សត្វផ្សោតសំខាន់មួយ ក្នុងចំណោមអន្លង់សំខាន់ៗ ផ្សេងទៀត ស្ថិតនៅចន្លោះពីទីរួមខេត្តក្រចេះ និងព្រំដែនកម្ពុជា-ឡាវ ដែលផ្តល់ជាទីជម្រកដ៏ចាំបាច់សម្រាប់ការ រស់នៅរបស់ ថនិកសត្វទឹកសាបប្រភេទ រងគ្រោះជិតផុតពូជមួយនេះ។ ក្រុមស្រាវជ្រាវបានប៉ាន់ប្រមាណថា សត្វផ្សោតដែលទើបនឹងកើតថ្មីនេះ មានអាយុប្រមាណ ៤ថ្ងៃ (មកទល់ថ្ងៃនេះ) ហើយជាកូនផ្សោតទី៩ ហើយដែលត្រូវបានអ្នកវិទ្យាសាស្ត្រកត់ត្រាទុកក្នុងឆ្នាំ ២០២០ នេះ។
របាយការណ៍ជំរឿនសត្វផ្សោត ឆ្នាំ ២០២០ បានបង្ហាញថា ចំនួនសត្វផ្សោតសរុប មានត្រឹម ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គ។ ការការពារសត្វផ្សោតអ៊ីរ៉ាវ៉ាឌីឲ្យស្ថិតនៅគង់វង្សគឺមានសារៈសំខាន់ណាស់មិនត្រឹមតែសម្រាប់សត្វផ្សោតខ្លួនវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអត្ថប្រយោជន៍ដល់ទន្លេមេគង្គទាំងមូលផងដែរ រាប់បញ្ចូលទាំងត្រីដែលត្រូវបាន អ្នកវិទ្យាសាស្ត្រប៉ាន់ប្រមាណថាមានចំនួនជាង ១.១០០ ប្រភេទ និងប្រព័ន្ធជីវៈអេកូឡូស៊ីដ៏សម្បូរបែបដទៃទៀត នៅក្នុងទន្លេនេះ៕


កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។