រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម លើកទី៤ អាណត្តិទី១

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) លើកទី៤ អាណត្តិទី១ តាមរបៀបវារៈដូចខាងក្រោម÷១-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការកំណត់ប្រាក់ឈ្នួល ឬប្រាក់បៀវត្សជាប់ភាគទាន
២-បញ្ហាផ្សេងៗ

ឯកឧត្តមប្រធាន ក៏បានថ្លែងនូវការកោតសរសើរ និងអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ដែលបានខិតខំរៀបចំនូវសេចក្តីព្រាងឯកសារទាំងនេះឡើង ដើម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាលពិនិត្យ និងពិភាក្សានាពេលនេះ។
អង្គប្រជុំបានពិនិត្យ និងផ្តល់យោបល់លើរបៀបវារៈនិមួយៗ ដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តិដែលមានជាធរមាន ដើម្បីធ្វើយ៉ាងណាឲ្យលិខិតបទដ្ឋានទាំងនេះអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមប្រធាន ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាល ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានបន្ថែមទៀតឲ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល សំដៅធានាបាននូវសុខុមាលភាព និងជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយចីរភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។