អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ប្រគល់​មធ្យោបាយ​សម្ភារ ជូន​ដល់​តំណាង​កសិករ​៤០​នាក់ មកពី​សហគមន៍​កសិក​ម្ម និង​បណ្តុំ​អាជីវកម្ម​បន្លែ​

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖ ផ្សព្វផ្សាយ​បច្ចេកវិទ្យា​កសិកម្ម​ថ្មី​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ​” ដែល​អនុវត្ត​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចាប់ពី​ឆ្នាំ​២០១៥ រហូតមកដល់​បច្ចុប្បន្ន​នេះ គឺ​បាននិងកំពុង​ចូលរួមចំណែក​ក្នុង​ការជំរុញ​អនុវត្តន៍​នូវ​ទស្សនៈវិស័យ និង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​កសិកម្ម ក្នុង​រយៈពេល​មធ្យម និង​ផែនការមេ របស់​ក្រសួង ដោយ​ត្រូវ​ជំរុញ​ការធ្វើ​ទំនើបកម្ម​កសិកម្ម ប្រកបដោយ​ការ​ប្រ​គួ​ត​ប្រជែង បរិ​យាប​ន្ន ធន​នឹង​ការប្រែប្រួល​អាកាសធាតុ និង​និរន្ត​ភាព ក្នុង​ការជំរុញ​ផលិតកម្ម​ស្បៀង ប្រកបដោយ​វិបុលភាព និង​សុខមាលភាព​សម្រាប់​ប្រជាជន​កម្ពុជា​។

​បច្ចុប្បន្ន​កម្មវិធី​នេះ​បាន​គ្របដណ្តប់​នៅ​២៤ រាជធានី​-​ខេត្ត និង​មាន​ប្រជាកសិករ​ចំនួន ១៤៤ ០០០​គ្រួសារ កំពុង​ទទួលបាន​ប្រយោជន៍​ពី​កម្មវិធី​។ មួយ​ក្នុងចំណោម​កម្មវត្ថុ​រប​ស់កម្ម​វិធី​នេះ​គឺ “​ការធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ការផ្តល់សេវា​ធាតុ​ចូល​កសិកម្ម​សម្រាប់​គាំទ្រ​កសិករ​ដែលមាន​ទំហំ​ផ្ទៃដី​បង្កបង្កើនផល​តូច និង​ងាយ​រងគ្រោះ និង​ការទទួលយក​បច្ចេកទេស​ថ្មី​ទៅ​អនុវត្ត កែលម្អ ច្នៃប្រឌិត និង​ធ្វើ​នវានុវត្តន៍​ដើម្បី​បង្កើន​សមត្ថ​ភាពជា​ម្ចាស់ និង​ផ្លាស់ប្តូរ​គំនិត​ពី​ត្រឹម​ផលិត​សម្រាប់​ចិញ្ចឹមជីវិត ទៅជា​សហគ្រិនភាព​នៅ​ជនបទ​។

​អនុវត្តតាម​កម្មវត្ថុ​របស់​កម្មវិធី​បាន​យ៉ាង​ល្អប្រសើរ និង​ស្របតាម​សេចក្តីត្រូវការ​ជាក់ស្តែង​ម​និង​ចាំបាច់​នូវ​ធាតុ​ចូល​កសិកម្ម (​គ្រឿងយន្ត​) ក្នុង​បំណង​បង្កើន​ផលិតភាព​ផលិតកម្ម កាត់បន្ថយ​ពលកម្ម និង​ថ្លៃដើម និង​ចំណេញ​ពេលវេលា មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃ​ចន្ទ ១៤​កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែធ្នូ បានរៀបចំ​ពិធី​ប្រគល់​ទទួល មធ្យោបាយ​សម្ភារ​ជូន​ដល់​តំណាង​កសិករ​ចំនួន ៤០​នាក់ ដែល​អញ្ជើញ​មកពី​សហគមន៍​កសិក​ម្ម និង​បណ្តុំ​អាជីវកម្ម​បន្លែ​។

​ពិធី​នេះ​ស្ថិតក្រោម​អធិបតី ឯកឧត្តម ប៉ែន កុស​ល្យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​លោក សូត្រ ស៊ី​សុខ​ឃាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត ការបែងចែក​សម្ភារ​ជូន​ដល់​កសិករ​នា​ថ្ងៃនេះ​រួមមាន​៖
១- បណ្តុំ​អាជីវកម្ម​បន្លែ​ចំនួន ០៣ អញ្ជើញ​មកពី​ស្រុក​អន្លង់វែង​មាន ០១ និង​នៅ​ស្រុក​ត្រពាំង ប្រាសាទ​មាន ០២ ដោយ​បណ្តុំ​នីមួយៗ​ទទួលបាន​ម៉ាស៊ីន​វាយ​បំបែក​ដី និង​លើក​រង​ចំនួន ១០ គ្រឿង សរុប​មាន ៣០​គ្រឿង​។​
២- បណ្តុំ​អាជីវកម្ម​បន្លែ​ចំនួន ០៤ អញ្ជើញ​មកពី​ក្រុង​សំរោង​កសិករ​ចំនួន ៤​គ្រួសារ មកពី​ភូមិ​អូរ​ឬ​ស្សី ភូមិ​ភ្នៀ​ត ភូមិ​គោក​គរ សង្កាត់​សំរោង និង​ភូមិ​ត្រពាំងវែង សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ដោយ​គ្រួសារ​នីមួយៗ​ទទួលបាន​ផ្ទះ​សំណាញ់ ០១​។​
៣- បណ្តុំ​អាជីវកម្ម​ស្រូវ​ចំនួន ០៤ អញ្ជើញ​មកពី​ក្រុង​សំរោង ស្រុក​ចុងកាល់ និង​ស្រុក​បន្ទាយ អំពិល ដោយ​បណ្តុំ​នីមួយៗ​ទទួលបាន​រថយន្ត ០១​គ្រឿង ប្រើ​សម្រាប់​ព្រួស​ស្រូវ បាញ់ថ្នាំ និង​បាច​ជី​។
៤- បណ្តុំ​អាជីវកម្ម​ដំឡូង​មី​ចំនួន ០២ អញ្ជើញ​មកពី​ស្រុក​អន្លង់វែង និង​ស្រុក​បន្ទាយ​អំពិល ដោយ​បណ្តុំ​នីមួយៗ​ទទួលបាន​រថយន្ត​ចំនួន ១​គ្រឿង ប្រើ​សម្រាប់​បាញ់ថ្នាំ​សម្លាប់សត្វ​ល្អិត​ចង្រៃ បាញ់ ថ្នាំ​ស្មៅ និង​បាញ់​ជី​ទឹក​។​

​សូមបញ្ជាក់​ផងដែរ​ថា គ្រប់​បណ្តុំ​ដែល​បានទទួល​សម្ភារ​ដូច​បាន​រៀបរាប់​ជូន​ខាង លើ បាន​កំពុង​អនុវត្ត​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន មាន​ដូចខាងក្រោម​៖
១- បាន​ចុះកិច្ចសន្យា​រវាង​បណ្តុំ​អាជីវកម្ម​បន្លែ ជាមួយ​ក្រុមហ៊ុន​មាស​បៃតង​ចំនួន ០១ លើ​ដំណាំ​ផ្កា​ខាត់ណា​លឿង ដោយ​ទទួល​ទិញ​មួយថ្ងៃ​ចំនួន ៣០០​គ​.​ក្រ តម្លៃ​៤ ០០០ រៀល​/​គ​.​ក្រ សម្រាប់​រយៈពេល ១​ឆ្នាំ​។​
២- បាន​ចុះកិច្ចសន្យា​រវាង​បណ្តុំ​អាជីវកម្ម​បន្លែ ជាមួយ​ក្រុមហ៊ុន​បន្លែ​សុវត្ថិភាព​ខ្មែរ លើ​ការផ្គត់ផ្គង់ រួមមាន​៖ ឪឡឹក​លឿង ត្រសក់ផ្អែម ខាត់ណា​ផ្កា​លឿង និង​កំពុង​រៀបចំ​កិច្ចសន្យា​ទិញ​ត្រសក់ទ្រើង​។​

​កសិករ​ដែល​ទទួលបាន​សម្ភារ​ថ្ងៃនេះ សុទ្ធតែជា​កសិករ​គំរូ ដែល​បាន​កំពុង ដាំ​បន្លែ​ផ្គត់ផ្គង់​ឲ្យ​ទីផ្សារ​ក្នុងស្រុក និង​ក្រុមហ៊ុន​ដែល​បាន​ចុះកិច្ចសន្យា ដើម្បី​នាំយក​ទៅកាន់​ទីផ្សារ​រាជធានី​ភ្នំពេញ​។ ពិតណាស់ សម្ភារ​ទាំងនេះ​វា​នឹងចូលរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​បន្លែ សំរួល​ដល់​កំលាំង​ពលកម្ម និង​មានលទ្ធភាព​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ឲ្យ​កាន់ តែ​ធំ​ជាង​មុន រួមចំណែក​បង្កើន​ប្រាក់ចំណូល​តាមរយ​:​ខ្សែ​ច្រវាក់​ផលិតកម្ម​បន្លែ នៅតាម​បណ្តុំ​នីមួយៗ​។ ក្នុងខណ​:​នេះ​ផងដែរ អង្គការ GIZ ក៍បាន​ចែកជូន​នូវ​ឧបករណ៍​អូស​ដាំ​គ្រាប់ស្រូវ ចំនួន ៥​គ្រឿង ជូន​ដល់​កសិករ​នៅក្នុង​សហគមន៍​កសិកម្ម​ចំនួន ៤​គ្រឿង ក្នុងនោះ​សហគមន៍​អូរ​ឬ​ស្សី​១​គ្រឿង សហគមន៍​ខ្ទំ​២​គ្រឿង សហគមន៍​ពង្រ​រុងរឿង​១​គ្រឿង និង​ស្ថានីយ​កសិកម្ម​កូន​ក្រៀល​១​គ្រឿង​៕


​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close